មន្ទីរបញ្ចកោណ ប្រកាសពីកិច្ចសន្យារបស់ក្រុមហ៊ុន Boeing តម្លៃ ៨,៦ ពាន់លានដុល្លារនៃយន្តហោះចម្បាំង F-15 សម្រាប់ឲ្យអ៊ីស្រាអែល
បរទេស៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Boeing (BA.N) ទើបតែទទួលបានកិច្ចសន្យាតម្លៃ ៨,៦ ពាន់លានដុល្លារសម្រាប់កម្មវិធីយន្តហោះចម្បាំង F-15 ឲ្យប្រទេស អ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នៅរដ្ឋផ្លរីដា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ថា មន្រ្តីក្រសួងការពារជាតិអាមេរិកបាននិយាយថា “កិច្ចសន្យានេះផ្តល់សម្រាប់ការរចនា ការរួមបញ្ចូល ឧបករណ៍ ការធ្វើតេស្ត ការផលិត និងការប្រគល់យន្តហោះចម្បាំង F-15IA ថ្មីចំនួន ២៥ គ្រឿងសម្រាប់កងទ័ពអាកាសអ៊ីស្រាអែល ជាមួយនឹងជម្រើសសម្រាប់យន្តហោះចម្បាំង F-15IA បន្ថែមចំនួន ២៥ គ្រឿងទៀត”។
ក្រសួងការពារជាតិអាមេរិកបាននិយាយថា កិច្ចសន្យានេះពាក់ព័ន្ធនឹងការលក់អាវុធបរទេសទៅឱ្យអ៊ីស្រាអែល។ សហរដ្ឋអាមេរិកធ្លាប់ជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា។
ចំណែកឯក្រុមបាតុករគាំទ្រប៉ាឡេស្ទីន និងប្រឆាំងសង្គ្រាមនៅជុំវិញសហរដ្ឋអាមេរិកវិញ គឺបាននាំគ្នាទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការគាំទ្រផ្នែកយោធាចំពោះអ៊ីស្រាអែល ដោយសារតែការវាយប្រហារដ៏សាហាវរបស់ អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ប៉ុន្តែការទាមទារទាំងនោះមិនត្រូវបានបំពេញនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងអតីតប្រធានាធិបតី ចូ បៃដិន នោះទេ។
ប្រែសម្រួលៈ ណៃ តុលា
