ឧទ្ធម្ភាគចក្រ Mi-34M1 របស់រុស្ស៊ី បានបញ្ចប់ការហោះហើរ សាកល្បងលើកដំបូងដោយជោគជ័យ
មូស្គូ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រពហុបំណងទម្ងន់ស្រាល ដែលបានធ្វើឱ្យប្រសើរឡើងរបស់រុស្ស៊ីធុន Mi-34M1 បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូង របស់ខ្លួនដោយជោគជ័យ។ ឧទ្ធម្ភាគចក្រគំរូ ដែលដំណើរការដោយម៉ាស៊ីន VK-650V ដែលផលិតក្នុងស្រុក បានស្ថិតនៅលើអាកាសប្រហែល ១០ នាទី។ ក្រសួងបានអះអាងថា ការហោះហើរនេះត្រូវបានអនុវត្តយ៉ាងរលូន និងសម្រេចបាននូវគោលដៅដែលបានគ្រោងទុកទាំងអស់។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះ នៅលើគេហទំព័ររបស់ក្រសួង ការធ្វើតេស្តនេះគឺ ជាដំណាក់កាលដំបូងក្នុងការបញ្ជាក់ ពីការត្រៀមខ្លួនរបស់យន្តហោះសម្រាប់ការសាកល្បង បន្ថែមទៀត ដែលត្រូវការសម្រាប់ការបញ្ជាក់ជាផ្លូវការ និងការផលិតទ្រង់ទ្រាយធំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ឧទ្ធម្ភាគចក្រថ្មីនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធប្រេងឥន្ធនៈធន់នឹងការធ្លាក់ និងឧបករណ៍នៅលើយន្តហោះដែលផលិតនៅរុស្ស៊ី។ ផ្នែកសំខាន់មួយនៃការធ្វើឱ្យប្រសើរឡើងគឺការដំឡើងប្រអប់លេខសំខាន់ VR-34M ថ្មី និងម៉ាស៊ីន VK-650V ទំនើបដែលផលិតដោយក្រុមហ៊ុន UEC-Klimov ដែលជាក្រុមហ៊ុនមួយក្រោមសាជីវកម្ម Rostec ដែលគ្រប់គ្រងដោយរដ្ឋ។
ឧទ្ធម្ភាគចក្រ Mi-34M1 មានលក្ខណៈពិសេសខ្ពស់ក្នុងការបត់បែន និងងាយស្រួល ក្នុងការបើកបរ ថែទាំ និងប្រតិបត្តិការ។ វាត្រូវបានរចនាឡើង សម្រាប់ការដឹកជញ្ជូនអ្នកដំណើរ ការត្រួតពិនិត្យភារកិច្ច ការហ្វឹកហ្វឺនហោះហើរ និង ការហោះហើរឯកជន។ VK-650V គឺជាម៉ាស៊ីនរុស្ស៊ីដំបូងគេ ដែលត្រូវបានបង្កើតឡើង សម្រាប់ឧទ្ធម្ភាគចក្រស្រាល ក្នុងប្រភេទទម្ងន់ហោះឡើង រហូតដល់បួនតោន។ ម៉ាស៊ីននេះផ្តល់កម្លាំងសេះ ៦៥០ នៅពេលហោះឡើង។ គុណសម្បត្តិចម្បងរបស់វារួមមានការរចនាម៉ូឌុល អាយុកាលប្រើប្រាស់បានយូរ និងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនឌីជីថលពេញលេញ៕
ប្រែសម្រួល ឈូក បូរ៉ា
