រុស្ស៊ី បញ្ជាក់ពីការបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន ចំនួន ២៥០ គ្រឿង
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងការពារដែន អាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកចំនួន ២៥០ គ្រឿង ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ រួមទាំងយន្តហោះគ្មានមនុស្សបើកចំនួន ១២ គ្រឿង ដែលកំណត់គោលដៅតំបន់មូស្គូ ។ ក្រសួងបានឲ្យដឹងថា កងកម្លាំងការពារដែនអាកាស ក៏បានបាញ់ទម្លាក់គ្រាប់បែកនាំផ្លូវ តាមអាកាសមួយគ្រាប់ និងយន្តហោះ Su-27 របស់អ៊ុយក្រែនមួយគ្រឿងផងដែរ។
ក្រសួងបានបន្ថែមថា កងកម្លាំងរុស្ស៊ី បានវាយប្រហាររោងចក្រ ថាមពលអ៊ុយក្រែន ឃ្លាំងគ្រាប់រំសេវ កន្លែងដំឡើងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាកន្លែងដាក់ ពង្រាយបណ្តោះអាសន្នចំនួន ១៥៤ កន្លែងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការវិភាគយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនមួយគ្រឿង ដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃចន្ទ លើតំបន់ Novgorod បានបង្ហាញថា វាបានកំណត់គោលដៅទៅ លើលំនៅដ្ឋាន ប្រធានាធិបតីរុស្ស៊ី។
យោងតាមក្រសួង ការពិនិត្យបច្ចេកទេស ពិសេស នៃប្រព័ន្ធរុករក របស់យន្តហោះគ្មានមនុស្សបើក បានអនុញ្ញាតឱ្យ អ្នកឯកទេសទាញ យកឯកសារបេសកកម្មហោះហើរ ដែលផ្ទុកទៅក្នុងយន្តហោះ។ ការវិភាគទិន្នន័យផ្លូវហោះហើរ បានបង្ហាញថា គោលដៅដែលចង់បាន គឺជាកន្លែងមួយក្នុងចំណោម កន្លែងដែលជាកម្មសិទ្ធិរបស់លំនៅ ដ្ឋានប្រធានាធិបតីនៅក្នុងតំបន់ Novgorod៕
