ប្រទេសនានា ទូទាំងពិភពលោក បញ្ជាក់ជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ
ប៉េកាំង៖ ប្រទេសជាច្រើន បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ។ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីទទួលស្គាល់តៃវ៉ាន់ថា ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ បានរបស់ប្រទេសចិន និងប្រឆាំងនឹងទម្រង់ណាមួយនៃ “ឯករាជ្យភាពតៃវ៉ាន់” ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់ស៊ីនហួរថា បញ្ហាតៃវ៉ាន់ កំពុងត្រូវបានប្រើប្រាស់ ដោយប្រទេសមួយចំនួន ជាឧបករណ៍នៃការទប់ស្កាត់យោធា និងយុទ្ធសាស្ត្រប្រឆាំង នឹងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងថា ជំហរគោលការណ៍របស់រុស្ស៊ី លើបញ្ហាតៃវ៉ាន់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ មិនផ្លាស់ប្តូរ ហើយត្រូវបានបញ្ជាក់ឡើងវិញ ម្តងហើយម្តងទៀត នៅកម្រិតខ្ពស់បំផុត ដោយបន្ថែមថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង របស់ចិន ហើយចិនមានមូលដ្ឋាន ស្របច្បាប់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។
ក្រសួងការបរទេសឡាវកាលពីថ្ងៃពុធ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ និងប្រឆាំងនឹងទម្រង់ណាមួយ នៃការប៉ុនប៉ងបំបែកខ្លួន ឬការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។ យោងតាមសេចក្តីថ្លែងការណ៍នេះ ក្រសួងបានបញ្ជាក់ជាថ្មី នូវជំហរជាប់លាប់របស់ខ្លួនលើបញ្ហាតៃវ៉ាន់ ដោយសង្កត់ធ្ងន់លើការគាំទ្រ យ៉ាងមុតមាំរបស់ខ្លួនចំពោះសេចក្តីសម្រេចលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍នេះ ក៏បានគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់ប្រទេសឡាវចំពោះគោលការណ៍ចិនតែមួយ ដោយទទួលស្គាល់តៃវ៉ាន់ថា ជាផ្នែកមួយដែលមិនអាចបំបែក ចេញពីប្រទេសចិនបាន និងបដិសេធរាល់ការប៉ុនប៉ងបំបែកខ្លួន និងការជ្រៀតជ្រែកពីខាងក្រៅ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
ថ្លែងទៅកាន់ស៊ីនហួរកាលពីថ្ងៃពុធ លោក Zaw Min Tun មេដឹកនាំក្រុមព័ត៌មាននៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខមីយ៉ាន់ម៉ា បានបញ្ជាក់ជាថ្មីថា មីយ៉ាន់ម៉ា បានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន និងយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ ដែលជាជំហរមួយដែលនៅតែរឹងមាំ៕
