អាមេរិក និងអឺរ៉ុប រួមគ្នាជំរុញជំហានបន្ទាប់ នៅក្នុងដំណើរការសន្តិភាពអឺរ៉ុប
វ៉ាស៊ីនតោន៖ មន្ត្រីសហរដ្ឋអាមេរិក និងទីប្រឹក្សាសន្តិសុខជាតិ នៃចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ រួមជាមួយអ្នកចរចាសន្តិភាពកំពូលរបស់អ៊ុយក្រែន បានពិភាក្សាគ្នាអំពីការ ជំរុញជំហានបន្ទាប់ នៅក្នុងដំណើរការសន្តិភាពអឺរ៉ុប ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមការ លើកឡើងរបស់លោក Steve Witkoff ប្រេសិតពិសេសប្រធានាធិបតីអាមេរិក។
លោក Witkoff បានឲ្យដឹងនៅលើបណ្ដាញ X ថា “យើងបានផ្តោតលើរបៀប ដើម្បីជំរុញការពិភាក្សាទៅមុខ តាមរបៀបជាក់ស្តែងក្នុងនាមដំណើរការ សន្តិភាព របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក រួមទាំងការពង្រឹងការធានាសន្តិសុខ និងការបង្កើតយន្តការដោះស្រាយជម្លោះ ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយបញ្ចប់សង្គ្រាម និងធានាថាវាមិនចាប់ផ្តើមឡើងវិញនោះទេ”។
លោកបានលើកឡើងថា “កញ្ចប់វិបុលភាព” សម្រាប់អ៊ុយក្រែន ក៏ត្រូវបានពិភាក្សាផងដែរ ។ លោក Witkoff បានបន្ថែមថា “ព័ត៌មានលម្អិតបន្ថែមជាច្រើន ត្រូវបានពិភាក្សា ហើយយើងនឹងបន្តការងារ និងការសម្របសម្រួលដ៏សំខាន់នេះនៅក្នុងឆ្នាំថ្មី”។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុង ការបង្ហោះមួយនៅលើ Telegram ថា ទីប្រឹក្សាសន្តិសុខជាតិ នៃសម្ព័ន្ធភាពនៃប្រទេសដែលមានឆន្ទៈ មានគម្រោងជួបប្រជុំគ្នា នៅប្រទេសអ៊ុយក្រែននៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ បន្ទាប់មក គឺកិច្ចប្រជុំថ្នាក់ដឹកនាំនៅប្រទេសបារាំងនៅថ្ងៃទី ៦ ខែមករា៕
