អាមេរិកជំរុញឱ្យចិនបញ្ឈប់សម្ពាធយោធាលើកោះតៃវ៉ាន់ ប៉ុន្មានថ្ងៃបន្ទាប់ពីជប៉ុន និងប្រទេសដទៃទៀតបង្ហាញការព្រួយបារម្ភ
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសចិនបញ្ឈប់សម្ពាធយោធាលើកោះតៃវ៉ាន់ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជប៉ុន និងបណ្តាប្រទេសលោកខាងលិចបានសម្តែងការព្រួយបារម្ភចំពោះការបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលពីរថ្ងៃនៅជុំវិញកោះប្រជាធិបតេយ្យមួយនេះ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសលោក Thomas Pigott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពយោធា និងវោហាសាស្ត្ររបស់ចិនចំពោះកោះតៃវ៉ាន់ និងតំបន់ផ្សេងទៀត បានបង្កើនភាពតានតឹងដោយមិនចាំបាច់” ។ “យើងជំរុញឱ្យទីក្រុងប៉េកាំងអនុវត្តការអត់ធ្មត់ បញ្ឈប់សម្ពាធយោធារបស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់ ហើយជំនួសមកវិញឱ្យមានការសន្ទនាប្រកបដោយអត្ថន័យ”។
លោក Pigott បានបន្ថែមថា សហរដ្ឋអាមេរិកគាំទ្រសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្ន រួមទាំងដោយកម្លាំង ឬការបង្ខិតបង្ខំ។
ការរិះគន់របស់ក្រសួងការបរទេសអាមេរិក គឺជាការឆ្លើយតបជាសាធារណៈលើកដំបូងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសមយុទ្ធយោធារបស់ចិននៅសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Lin Chia-lung បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងតៃប៉ិ “នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នាទាំងអស់ ដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់”៕
ប្រែសម្រួលៈ ណៃ តុលា
