ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ចំពេលមានភាពតានតឹងរបស់ប្រទេសជប៉ុន

បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping នឹងទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ដែលជាសញ្ញាបង្ហាញពីចេតនារបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ចំពេលមានទំនាក់ទំនងដ៏តានតឹងជាមួយប្រទេសជប៉ុនជុំវិញកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមអ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺជាជំនួបលើកទីពីររវាងលោក Xi និងលោក Lee ក្នុងរយៈពេលត្រឹមតែពីរខែ ដែលជាចន្លោះពេលដ៏ខ្លីខុសពីធម្មតា ដែលបង្ហាញពីចំណាប់អារម្មណ៍របស់ប្រទេសចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍។

ចំណែកទំនាក់ទំនងរវាងចិន និងជប៉ុន ស្ថិតក្នុងចំណុចក្តៅបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចបង្កឱ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ។

អ្នកវិភាគបាននិយាយថា ការអញ្ជើញរបស់លោក Xi ចំពោះលោក Lee ប្រធានាធិបតីកូរ៉េខាងត្បូង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ គឺជាវិធានការដែលបានគណនាក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសមុនពេលមេដឹកនាំកូរ៉េខាងត្បូងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top