បទវិភាគ ៖ ទស្សនវិស័យ២០២៦ ប្រទេសចិន នឹងធ្វើជាយុថ្កា សម្រាប់លំនឹងសេដ្ឋកិច្ចសកល ជាបន្តបន្ទាប់
ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់ប្រទេសចិន ក្នុងនាមជាឧបករណ៍ សម្រាប់គ្រប់គ្រងសេដ្ឋកិច្ច ប្រកបដោយលក្ខណៈពិសេសចិន ផែនការ៥ឆ្នាំ បានប្រកាសព័ត៌មានជាច្រើន ទៅកាន់ពិភពលោក ដូចជាទិសដៅ ការអភិវឌ្ឍន៍ ការចង្អុលបង្ហាញ ផ្នែកខាងគោលនយោបាយ និងមធ្យោបាយក្នុងការអនុវត្ត កំណែទម្រង់របស់ប្រទេសចិន រយៈពេល៥ឆ្នាំ ។ ប្រព័ន្ធសារព័ត៌មានបរទេស ជាច្រើនសម្គាល់ឃើញថា ក្នុងបរិបទ ដែលសេដ្ឋកិច្ចសកល មានអស្ថិរភាពកើនឡើងកាន់តែខ្លាំងឡើងៗ ប្រទេសចិន បាននិងកំពុងបង្កើតមូលដ្ឋាន គ្រឹះសេដ្ឋកិច្ចតាម រយៈអនុវត្តគោល នយោបាយកាន់តែមានភាពម្ចាស់ការនិងកាន់តែនឹងនរ ក្នុងន័យជំរុញការច្នៃប្រឌិតថី្ម និងពង្រីកតម្រូវការក្នុងស្រុក ព្រមទាំងរក្សាស្ថិរភាព នៃគោលនយោបាយម៉ាក្រូ ។

ស្ថានីយទូរទស្សន៍Sky News របស់ប្រទេសអង់គ្លេសបានចុះផ្សាយថា ការដែលសេដ្ឋកិច្ចប្រទេសចិនសម្រេចបានសមិទ្ធផលដ៏ធំធេងនេះ មិនមែនជារឿងចៃដន្យទេ នេះគឺបាន មកពីការគ្រោងផែនការរយៈពេលយូរ ផ្តល់ការគាំទ្រដល់ផលិតកម្មក្នុងស្រុក ពង្រីកប្រភេទវិស័យឧស្សាហកម្ម បង្កើនការវិនិយោគ ក្នុងឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ជាដើម ជាមួយគ្នានេះដែរ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញ នូវជំនឿចិត្តរបស់ចិន ចំពោះមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនផងដែរ ។

នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ ថា ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥នឹងឡើងដល់៥ភាគរយ បានលើកកម្ពស់០,២ភាគរយ បើប្រៀបធៀបនឹង«របាយការណ៏ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»ដែលប្រកាសនៅខែតុលា ឆ្នាំ២០២៥ ។ លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានសម្តែងថា ដោយទទួលបានការគាំទ្រ ផ្នែកខាងគោលនយោបាយ កាន់តែខ្លាំងឡើង អាចជឿជាក់បានថា សេដ្ឋកិច្ចចិននឹងសម្រេចបាន នូវកំណើនកាន់តែខ្លាំងនៅពេលអនាគត ។
ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយ ដែលជំរុញ ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ជានិច្ចកាល ប្រទេសចិន តែងតែខិតខំប្រឹងប្រែងពួតដៃ ជាមួយបណ្តាប្រទេសនានា លើពិភពលោក ក្នុងនោះបូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ដើម្បីទទួលបានការអភិវឌ្ឍរួម និងកិច្ចសហប្រតិបតិ្តការ ឈ្នះ-ឈ្នះ ដែលបាន ផ្តល់កាលានុវត្តភាពថ្មី ដល់សេដ្ឋកិច្ចសកលតាមរយៈសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបានក្លាយជាម៉ាស៊ីន បញ្ឆោះនៃកំណើនសេដ្ឋកិច្ចសកល និងប្រភពការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតថ្មី ។ បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើ ឯកសារស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” ជាមួយប្រទេសចំនួនជាង១៥០ និងអង្គការអន្តរជាតិចំនួនជាង៣០ ។ គម្រោងផ្លូវដែកចិន-ឡាវ ផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandung កំពង់ផែChancay និងផ្លូវដែកMombasa–Nairobi ជាដើមបានជំរុញការបង្កើតនិម្មាបនកម្មថី្មនៃការតភ្ជាប់គ្នា “គម្រោងតូចនិងឆ្លាត”ដែលពាក់ព័ន្ធ ដល់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើនត្រូវបានអនុវត្ត ដែលបានលើកកម្ពស់សុខុមាលភាព របស់ប្រជាជន នៃប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ”ប្រកបដោយប្រសិទ្ធភាព ។
ឥស្សរជនអន្តរជាតិកាន់តែច្រើនឡើងៗ បានយល់ឃើញថា ប្រឈមមុខនឹងការសាកល្បង នៃបញ្ហាសកល ដូចជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចមិនគ្រប់គ្រាន់ អសមភាពប្រាក់ចំណូល កាន់តែធ្ងន់ធ្ងរ សភាពការណ៍បំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុមានភាពកាន់តែតានតឹង គាំពានិយម និងឯកតោភាគីនិយម បានងើបឡើងវិញជាដើម ទស្សនៈអភិវឌ្ឍន៍ថ្មីស្តីពីការច្នៃប្រឌិតថ្មី សម្របសម្រួល បៃតង បើកចំហ និងចែករំលែកជាមួយគ្នា ដែលបានលើកឡើងដោយប្រទេសចិន មានសារៈសំខាន់ ជាសកល ដែលបានមានអំណោយផល ដល់ការចង្អុលបង្ហាញសកល ដើម្បីឆ្លើយតបនឹងការ សាកល្បងការអភិវឌ្ឍន៍ និង អំណោយផលដល់ការជំរុញអភិវឌ្ឍន៍រយៈពេលយូររបស់សង្គមមនុស្សជាតិផងដែរ ។

ជាពិសេស នៅថ្ងៃទី១៨ ខែធ្នូ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូលជាផ្លូវការ ប្រការនេះជាវិធានការ ដ៏សំខាន់របស់ប្រទេសចិនដែលនឹងបន្តពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ និងជំរុញការបង្កើត សេដ្ឋកិច្ចសកលបែបបើកទូលាយ ដោយមិនងាករេ ។ មតិអន្តរជាតិបានកត់សម្គាល់ជាទូទៅថា កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូល វាមិនត្រឹមតែផ្តល់កម្លាំងចលករដល់ការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាតំបន់ដែលទទួលប្រជាប្រិយភាពថ្មីសម្រាប់ទូទាំងពិភពលោកក្នុងការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ផងដែរ ។
“ឆ្ពោះទៅមុខដោយទប់ទល់នឹងកម្លាំងសម្ពាធ ឆ្ពោះទៅកាន់ទិសដៅកាន់តែថ្មី និងកាន់តែល្អប្រសើរ”! ក្នុងឆ្នាំថ្មី ប្រទេសចិននឹងខិតខំប្រឹងប្រែងមិនងាករេ ក្នុងការអនុវត្ត ការងារ របស់ខ្លួនយ៉ាងល្អ ចែករំលែកវិភាគទាន នៃការអភិវឌ្ឍជាមួយពិភពលោក ដើម្បីជំរុញសកលភាវូបនីយកម្ម សេដ្ឋកិច្ចឱ្យរីកចម្រើន ទៅកាន់ទិសដៅ ប្រកបដោយការបើកចំហ បរិយាបន្ន ផ្តល់ ផលប្រយោជន៍ជាទូទៅ ប្រកបដោយតុល្យភាពនិងឈ្នះ-ឈ្នះ ព្រមនិងធ្វើជាយុថ្កា សម្រាប់លំនឹងសេដ្ឋកិច្ចសកលឱ្យបានល្អជាបន្តបន្ទាប់ ។ ប្រឈមនឹងសកលលោកដែលមានភាពបម្រែបម្រួលនិងភាពរង្គោះរង្គើ ប្រទេសចិនដែលមានការអភិវឌ្ឍ មានវិបុលភាព មានជំនឿចិត្ត ចំពោះខ្លួនឯង និងមានភាពបើកទូលាយកាន់តែខ្លាំងឡើងៗ ពិតជានឹងរួមចំណែកកាន់តែធំដល់ពិភពលោក ៕
