ព័ត៌មានអន្តរជាតិ

ការ​ជូនពរ​​របស់លោក ស៊ី ជិនភីង សម្រាប់ឆ្នាំ​២០២៦ ជាសេច​ក្តី​ប្រាថ្នា ​របស់ពិភពលោក

ការជូនពរឆ្នាំថ្មីរបស់លោក ស៊ី ជិនភីង ជាប្រពៃណីនយោបាយដ៏មានសារៈសំខាន់មួយរបស់ប្រទេសចិន ដែលមិនត្រឹមតែជាសារអបអរសាទរប្រជាជនទេ ប៉ុន្តែជាឯកសារនយោបាយសង្ខេបបង្ហាញពីទិសដៅអាទិភាព និងទស្សនវិស័យរបស់រដ្ឋាភិបាលចិនសម្រាប់ឆ្នាំខាងមុខ។ សម្រាប់ឆ្នាំ២០២៦ ការជូនពរនេះត្រូវបានរំពឹងថានឹងបន្តស្នូលនៃអត្ថន័យនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលលោកបានលើកឡើងជាបន្តបន្ទាប់ក្នុងឆ្នាំមុនៗ ប៉ុន្តែត្រូវសម្របខ្លួនទៅនឹងបរិបទថ្មីក្នុងស្រុក និងអន្តរជាតិ។ ការជូនពរឆ្នាំ២០២៦ទំនងជានឹងផ្តោតលើស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់ ដែលនៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា លោក ស៊ី ជិនភីង តែងតែប្រើសុន្ទរកថាជូនពរ​ឆ្នាំថ្មីដើម្បីលើកទឹកចិត្ត ឱ្យប្រជាជនមានជំនឿលើសមត្ថភាពខ្លួនឯង និងលើប្រព័ន្ធរដ្ឋ។ សម្រាប់ឆ្នាំ២០២៦ នេះ អត្ថន័យ “ការអភិវឌ្ឍដែលផ្អែក លើប្រជាជនជាចម្បង” នឹងនៅតែជាគោលការណ៍ស្នូល ដោយផ្តោតលើការងារ ប្រាក់ចំណូល សុខុមាលភាព និងការកាត់បន្ថយភាពមិនស្មើគ្នានៅក្នុងសង្គម។

ជាមួយគ្នានេះដែរ សារជូនពរនេះ អាចនឹងបន្តលើកឡើងអំពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ។ ក្នុងនាមជាមេដឹកនាំ ដែលផ្តល់សារៈសំខាន់ ដល់ការពឹងផ្អែក លើខ្លួនឯងផ្នែកបច្ចេកវិទ្យា លោក ស៊ី ជិនភីង តែងប្រើឱកាសឆ្នាំថ្មីដើម្បីលើក​ទឹកចិត្តអ្នកវិទ្យាសាស្ត្រ សហគ្រាស និងយុវជន។ សម្រាប់ឆ្នាំ២០២៦ ការលើកទឹកចិត្តនេះអាចនឹងភ្ជាប់ជាមួយទស្សនវិស័យអភិវឌ្ឍន៍រយៈពេលវែង ដូចជា ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបៃតង។ មុំទីបី ក្នុងវិមាត្រអន្តរជាតិ ការជូនពរឆ្នាំថ្មីរបស់លោក ស៊ី ជិនភីង ស្ទើរតែតែងមានសារអំពីសន្តិភាព និងសហប្រតិបត្តិការ។ សម្រាប់ឆ្នាំ២០២៦ លោកអាច នឹងបន្តអំពាវនាវ ឲ្យប្រទេសនានាសហការគ្នា ដើម្បីដោះស្រាយបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និង ការអភិវឌ្ឍប្រកប ដោយចីរភាព។ សារនេះមិនត្រឹមតែបង្ហាញពីតួនាទីចិន លើឆាកពិភពលោកទេ ប៉ុន្តែថែមទាំងបង្កើនភាព ស្របចិត្តក្នុងស្រុក ចំពោះគោលនយោបាយ ការបរទេសផងដែរ ។ បើប្រៀបធៀបការជូនពរឆ្នាំ២០២៦ជាមួយសារឆ្នាំថ្មីនៅឆ្នាំមុនៗ អាចមើលឃើញនូវ ភាពបន្ត និងការវិវត្ត ក្នុងរបៀបដឹកនាំ និងទស្សនវិស័យនយោបាយរបស់លោក ស៊ី ជិនភីង។ ក្នុងឆ្នាំចុងក្រោយៗ ការជូនពរឆ្នាំថ្មីតែងផ្តោតលើការឆ្លើយតបទៅនឹងវិបត្តិជាក់ស្តែង ដូចជា ការស្តារឡើងវិញក្រោយវិបត្តិសុខភាពសកល ភាពយឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលនៃបរិបទភូមិសាស្ត្រនយោបាយ។ សម្រាប់ឆ្នាំ២០២៦ ការជូនពរនេះ អាចត្រូវបានយល់ថាជាជំហានផ្លាស់ប្តូរពី “ការឆ្លើយតបវិបត្តិ” ទៅកាន់ “ការរៀបចំអនាគតរយៈពេលវែង”។ សារជាច្រើនផ្តោត លើការរក្សាស្ថិរភាព ការជូនពរឆ្នាំ២០២៦ អាចនឹងមានសំឡេងវិជ្ជមាន និងសកម្មជាងមុន ដោយលើកឡើងអំពីទំនុកចិត្តលើ សមត្ថភាពខ្លួនឯង និងការចូលរួមរបស់ប្រជាជនទាំងមូល ក្នុងការអភិវឌ្ឍប្រទេស ។ នេះបង្ហាញពីការប្រែប្រួលពីសារលើកទឹកចិត្តក្នុងស្ថានភាពលំបាក ទៅកាន់សារជំរុញការ ច្នៃប្រឌិត និងការរីកចម្រើនប្រកបដោយគុណភាព ។ ពីមុខមាត់សង្គម ការជូនពរឆ្នាំ២០២៦អាចនាំមកនូវអត្ថប្រយោជន៍​ក្នុងការបង្កើនស្មារតីរួបរួមជាតិ និងទំនុកចិត្តរបស់ប្រជាជន។ ការលើកឡើងជាបន្តបន្ទាប់​អំពី “ប្រជាជនជាមូលដ្ឋាន ” ប្រៀបដូចជាការធានាផ្លូវចិត្តថា ការអភិវឌ្ឍមិនមែន សម្រាប់តួលេខសេដ្ឋកិច្ចតែ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គុណភាពជីវិតរបស់មនុស្ស។ ​វាអាចជំរុញឲ្យសង្គមមានស្ថិរភាព កាត់បន្ថយភាពតានតឹង និងបង្កើនការចូលរួមរបស់ប្រជាជនក្នុងកិច្ចការសាធារណៈ។

ក្នុងវិមាត្រសេដ្ឋកិច្ច ការជូនពរនេះអាចមានតួនាទីជាសញ្ញាសម្រាប់ទីផ្សារ និងសហគ្រាស ។ សារដែលផ្តោតលើការច្នៃប្រឌិត បច្ចេកវិទ្យា និងការអភិវឌ្ឍ បៃតង អាចជួយបង្កើនទំនុកចិត្តអ្នកវិនិយោគ និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅទិសដៅប្រកបដោយចីរភាព។ បើប្រៀបធៀបនឹងឆ្នាំមុនៗ ដែលការជូនពរមានលក្ខណៈការពារ និងរក្សាស្ថិរភាព ឆ្នាំ២០២៦អាចត្រូវបានយល់ថាជាឆ្នាំនៃការបង្កើនល្បឿន និងការបង្កើតឱកាសថ្មី។ កម្លាំងចលករដំបូងគឺការច្នៃប្រឌិតផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ បើប្រៀបធៀបនឹងគំរូ​អភិវឌ្ឍបែបប្រពៃណី ដែលពឹងផ្អែកលើកម្លាំងពលកម្មថោក និងធនធានធម្មជាតិ ចិនកំពុង​ជំរុញការបង្កើត តម្លៃបន្ថែមតាមរយៈបច្ចេកវិទ្យាខ្ពស់ ការផលិតឆ្លាតវៃ និងឌីជីថល។ ​សម្រាប់ពិភពខាងត្បូង នេះជាគំរូសំខាន់មួយដែលបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍអាចឆ្ពោះទៅកាន់សេដ្ឋកិច្ចចំណេះដឹង​ ដោយមិនចាំបាច់ឆ្លងកាត់​គ្រប់ដំណាក់កាល​ដូចប្រទេសឧស្សាហកម្ម​ចាស់ៗ ​។​ កម្លាំងចលករទីពីរគឺ​ សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព​។ ​ក្នុងការជូនពរឆ្នាំថ្មីឆ្នាំមុនៗ លោក ស៊ី ជិនភីង តែងលើកឡើងអំពីតុល្យភាព រវាងការអភិវឌ្ឍ និងការការពារបរិស្ថាន។ សម្រាប់ឆ្នាំ២០២៦ ទស្សនវិស័យនេះអាចក្លាយជាមូលដ្ឋាន សម្រាប់គំរូអភិវឌ្ឍថ្មី​ ដែលបន្សល់​ផលប្រយោជន៍រយៈពេលវែង។ ​សម្រាប់ពិភពខាង​ត្បូង ដែលជាច្រើនប្រទេសកំពុងប្រឈមនឹងបញ្ហាបរិស្ថាន និងអាកាសធាតុ​ គំរូនេះផ្តល់ជាជម្រើសអភិវឌ្ឍ ដែលមិនបំផ្លាញ​ធនធានសម្រាប់ជំនាន់ក្រោយ។​ កម្លាំងចលករទីបីគឺ​ ការអភិវឌ្ឍផ្អែកលើប្រជាជន​និងការចែកចាយផល ប្រយោជន៍យុត្តិធម៌។ សារជូនពរឆ្នាំ២០២៦អាចបន្តលើកទឹកចិត្តឲ្យសេដ្ឋកិច្ចបម្រើប្រជាជន​ មិនមែនប្រជាជនបម្រើសេដ្ឋកិច្ច ។ ​គោលគំនិតនេះ​មានអត្ថន័យជាគំរូសម្រាប់ពិភពខាងត្បូង ​ដែលប្រទេសជាច្រើនកំពុងប្រឈមនឹង​ភាពមិនស្មើគ្នា និងបញ្ហាសង្គមពី​ការអភិវឌ្ឍមិនសមតុល្យ។ កម្លាំងចលករទីបួនគឺ កិច្ចសហប្រតិបត្តិការអភិវឌ្ឍត្បូង–ត្បូង (South–South cooperation)។ ការជូនពរឆ្នាំថ្មីរបស់លោក ស៊ី ជិនភីង​ ជាញឹកញាប់​បង្ហាញពីការអំពាវនាវ​ឲ្យមានការចែករំលែកឱកាសអភិវឌ្ឍ។ ​សម្រាប់ឆ្នាំ២០២៦ នេះអាចបន្តជំរុញគំរូ​សហប្រតិបត្តិការដែលផ្អែកលើការគោរពគ្នា​ និងផលប្រយោជន៍រួម​ ជាជម្រើសបន្ថែមពីគំរូអភិវឌ្ឍបែបលើ–ក្រោម (top-down) ដែ​លពិភពខាងត្បូងធ្លាប់ជួបប្រទះ។

ចំពោះ ពិភពលោកទាំងមូល ការជូនពរឆ្នាំ២០២៦ របស់លោក ស៊ី ជិនភីង អាចបន្តមានអត្ថន័យជាសារសន្តិភាព​ និងការអំពាវនាវឲ្យមាន សហប្រតិបត្តិការអន្តរជាតិ។ ​បើប្រៀបធៀបនឹងឆ្នាំមុនៗ ​សារនេះអាចមានទម្ងន់ខ្លាំងជាងមុន​ ក្នុងការបង្ហាញពី​តួនាទីចិនក្នុងការចូលរួម​ដោះស្រាយបញ្ហាសកល។ ​វាអាចជួយបន្ថយ​ភាពមិន ទុកចិត្តរវាងប្រទេស​ និងជំរុញការសន្ទនាដោយសន្តិវិធី។​

ដូច្នេះ ការជូនពរឆ្នាំ២០២៦ មិនត្រឹមតែបន្តគោលនយោបាយ​ពីអតីតកាលទេ​ ប៉ុន្តែថែមទាំង​បង្ហាញពីការផ្លាស់ប្តូរ ទៅកាន់អនាគត។​ វាមានសារៈសំខាន់ សម្រាប់សង្គមចិន សេដ្ឋកិច្ចជាតិ និងសន្តិភាពពិភពលោក​ ដោយធ្វើឲ្យការជូនពរឆ្នាំថ្មីក្លាយជាឧបករណ៍នយោបាយ ​និងទស្សនវិស័យ ដែលមានឥទ្ធិពលលើសកលលោក។​ វាក៏ជាគន្លឹះសម្រាប់ការអភិវឌ្ឍ​​របស់ចិន​ ប៉ុន្តែថែមទាំងផ្តល់ជាគំរូ និងជាបទពិសោធន៍​សម្រាប់ពិភពលោក និងពិភពខាងត្បូង ​ក្នុងការស្វែងរកផ្លូវអភិវឌ្ឍដែលមានស្ថិរភាព យុត្តិធម៌ និងចីរភាព ​ព្រមទាំងអាចត្រូវ​បានបកស្រាយថា​បានបង្ហាញពី កម្លាំងចលករថ្មី (new drivers of growth) ដែលមិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាគំរូសម្រាប់​ប្រទេសកំពុងអភិវឌ្ឍ​ និងពិភពខាងត្បូងទាំងមូល​ ព្រោះសម្រាប់ប្រជាជនចិន ការជូនពរនេះ មិនមែនជាពាក្យអបអរសាទរធម្មតាទេ​ ប៉ុន្តែជាសញ្ញា​នៃទិសដៅ និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី ​​៕​

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​

To Top