អ៊ីរ៉ង់ បដិសេធយ៉ាងដាច់អហង្ការ ចំពោះការជ្រៀតជ្រែករបស់លោក ត្រាំ បន្ទាប់ពីការគំរាមកំហែងជួយដល់ក្រុមបាតុករ
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានសន្យាថានឹង «បដិសេធយ៉ាងដាច់អហង្ការ» ចំពោះការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានពីមុនថា សហរដ្ឋអាមេរិក នឹងចាត់វិធានការ ប្រសិនបើអ៊ីរ៉ង់ «សម្លាប់ក្រុមបាតុករដោយសន្តិវិធី»។
នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ «ត្រៀមខ្លួនជាស្រេច ហើយដឹងច្បាស់ពីកន្លែងដែលត្រូវតម្រង់ទៅ» ប្រសិនបើអធិបតេយ្យភាពរបស់ខ្លួនត្រូវបានរំលោភបំពាន ដោយឆ្លើយតបទៅនឹងការអត្ថាធិប្បាយពីមុនរបស់លោក ត្រាំ លើបណ្ដាញ Truth Social ដែលលោកបានអះអាងថា សហរដ្ឋអាមេរិកនឹង «ជួយសង្គ្រោះពួកគេ» ប្រសិនបើអ៊ីរ៉ង់ បាញ់ប្រហារលេីក្រុមបាតុករដោយសន្តិវិធី។
ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មនមក ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ីរ៉ង់ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ឌជាតិ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Araghchi បានលេីកឡេីងថា ការតវ៉ាដោយសន្តិវិធី គឺជាសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអត្រាប្តូរប្រាក់ ប៉ុន្តែបានកត់សម្គាល់ពីឧប្បត្តិហេតុហិង្សាដាច់ដោយឡែក រួមទាំងការវាយប្រហារលើស្ថានីយ៍ប៉ូលីស និងគ្រាប់បែក Molotov ដែលគប់ទៅលើមន្ត្រីប៉ូលីស។ លោកបានបន្ថែមថា ការវាយប្រហារព្រហ្មទណ្ឌលើទ្រព្យសម្បត្តិសាធារណៈ មិនអាចអត់ឱនបាននោះទេ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់ និងបុគ្គលិកសន្តិសុខចំនួន ១៣ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាក្នុងអំឡុងពេលតវ៉ានៅក្នុងខេត្តពីររបស់អ៊ីរ៉ង់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក៕
ប្រែសម្រួល ឈូក បូរ៉ា
