ព័ត៌មានអន្តរជាតិ

ការផ្ទុះដ៏ខ្លាំងជាច្រើនដង នៅជិតមូលដ្ឋានយោធាវេណេស៊ុយអេឡា ក្នុងរដ្ឋធានីការ៉ាកាស ចំពេលមានការកើនឡើងសម្ពាធពីយោធាអាមេរិក

បរទេស៖ ការផ្ទុះដ៏ខ្លាំងជាច្រើនត្រូវបានគេរាយការណ៍នៅជិតមូលដ្ឋានយោធាវេណេស៊ុយអេឡាក្នុងរដ្ឋធានីការ៉ាកាស ចំពេលមានការកើនឡើងសម្ពាធយោធាអាមេរិកលើប្រទេសនេះ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា យ៉ាងហោចណាស់ការផ្ទុះដ៏ខ្លាំងចំនួន៧ រួមជាមួយនឹងសំឡេងយន្តហោះដែលហោះហើរនៅរយៈកម្ពស់ទាបបានបន្លឺឡើងឆ្លងកាត់រដ្ឋធានី ការ៉ាកាស នៃប្រទេសវេណេស៊ុយអេឡា នៅម៉ោង ២ ព្រឹក ថ្ងៃទី៣  ខែមករា នេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់សម្តីសាក្សីនៅទីក្រុងការ៉ាកាស បានរាយការណ៍ថា អ្នករស់នៅក្នុងទីក្រុងបានឃើញផ្សែងហុយយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីការផ្ទុះបានកក្រើកកណ្តាលទីក្រុង។ ផ្នែក​ខាង​ត្បូង​នៃ​ទីក្រុង​ជិត​មូលដ្ឋាន​យោធា​សំខាន់​មួយ​បាន​ជួប​ប្រទះ​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនីផងដែរ។

គណនី Crown Intelligence Group ដែលមានជំនាញក្នុងការធ្វើបច្ចុប្បន្នភាពការអភិវឌ្ឍន៍យោធាអន្តរជាតិនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានដកស្រង់ប្រភពព័ត៌មានដែលនិយាយថា អ្នកស្រុកបានឮសំឡេងយន្តហោះហោះហើរក្នុងកម្ពស់ទាប និងសំឡេងស្រដៀងនឹងស៊ីរ៉ែនវាយប្រហារតាមអាកាស បន្ទាប់មកមានការផ្ទុះយ៉ាងខ្លាំងនៅក្នុងតំបន់ក្បែរមូលដ្ឋានអាកាស La Carlota និងវិមានប្រធានាធិបតី Miraflores ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៥ មក សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងដែនទឹកនៅខាងក្រៅប្រទេសវេណេហ្ស៊ុយអេឡា ដោយបានធ្វើការវាយឆ្មក់រាប់សិបលើកលើទូកដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនគ្រឿងញៀននៅសមុទ្រ ក៏ដូចជាវាយប្រហារកំពង់ផែវ៉េណេស៊ុយអេឡាផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top