ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន ៥ ចាប់ផ្ដេីមទទួលបន្ទុកជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

យូអិន៖​ ប្រទេសបារ៉ែន កូឡុំប៊ី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឡាតវី និងលីបេរីយ៉ា បានចាប់ផ្តើមទទួលបន្ទុកជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អាណត្តិពីរឆ្នាំរបស់ពួកគេបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១​ ខែមករា ប៉ុន្តែថ្ងៃសុក្រគឺជាថ្ងៃធ្វើការដំបូងរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំ២០២៦​ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល និងឆ្នាំថ្មី។

ពិធីដំឡើងទង់ជាតិត្រូវបានធ្វើឡើង​ ដើម្បីសម្គាល់ការចាប់ផ្តើមនៃការទទួលខុសត្រូវរបស់ពួកគេ​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិកាហ្សាក់ស្ថាន លោក Kairat Umarov ដែលបានធ្វើជាសហម្ចាស់ផ្ទះនៃពិធីនេះ បានអបអរសាទរសមាជិកក្រុមប្រឹក្សាថ្មីទាំងប្រាំរូប និងបានជូនពរពួកគេឱ្យមាន “ការតស៊ូ ឯកភាពនៃគោលបំណង និងភាពជោគជ័យ” ក្នុងអាណត្តិរបស់ពួកគេ។

លោកបានលេីកឡេីងថា “យើងសង្ឃឹមថាអ្នកនឹងធ្វើការរួមចំណែកដ៏មានអត្ថន័យក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលដ៏សំខាន់ និងពង្រឹងអាណត្តិរបស់ក្រុមប្រឹក្សាក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top