ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានថា​ ទីតាំង និងកងទ័ពរបស់អាមេរិក​ អាចក្លាយជាគោលដៅឆ្លើយតប​ ទៅនឹងសកម្មភាពប្រថុយប្រថាន

តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានព្រមានថា សកម្មភាពប្រថុយប្រថានណាមួយរបស់សហរដ្ឋអាមេរិក​ នឹងធ្វើឱ្យទីតាំង និងកងទ័ពរបស់សហរដ្ឋអាមេរិក​ ដែលឈរជើងនៅក្នុងតំបន់នោះក្លាយជា “គោលដៅស្របច្បាប់” នៃការឆ្លើយតបរបស់អ៊ីរ៉ង់។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថា ប្រតិបត្តិករប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយសេវាស៊ើបការណ៍សម្ងាត់បរទេសកំពុងព្យាយាមបង្វែរការតវ៉ាស្របច្បាប់ដោយម្ចាស់អាជីវកម្ម និងក្រុមអ្នកជំនាញផ្សេងៗទៅជាការប៉ះទង្គិចគ្នាក្នុងទីក្រុងដ៏ហិង្សា និងប្រដាប់អាវុធ។

លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់​ បែងចែកយ៉ាងច្បាស់រវាងក្រុមបាតុករដោយសន្តិវិធី និងទាហានស៊ីឈ្នួលបរទេស ដោយថា ប្រទេសនេះ “មិនដែលច្រឡំក្រុមបាតុករជាមួយភ្នាក់ងារដែលបង់ប្រាក់ពីបរទេសនោះទេ”។

លោក Qalibaf ក៏បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ ថា បន្ទាប់ពីការកត់សម្គាល់ថ្មីៗរបស់លោក ចលនាមិនប្រុងប្រយ័ត្នណាមួយនឹងបង្កឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយបន្ថែមថា ប្រជាជនអ៊ីរ៉ង់តែងតែរក្សាសាមគ្គីភាព និងម៉ឺងម៉ាត់នៅចំពោះមុខ “ការឈ្លានពាន”។

យ៉ាងហោចណាស់មនុស្ស​ ៣នាក់ត្រូវបានសម្លាប់ និងបុគ្គលិកសន្តិសុខ ១៣ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាក្នុងអំឡុងពេលតវ៉ានៅក្នុងខេត្តចំនួនពីររបស់អ៊ីរ៉ង់ នេះបេីយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់​ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top