អាមេរិក នឹងគ្រប់គ្រងប្រទេស វ៉េណេស៊ុយអេឡា ជាបណ្តោះអាសន្ន បន្ទាប់ពីចាប់ខ្លួន ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសៅរ៍ថា លោកកំពុងដាក់ប្រទេសវេណេស៊ុយអេឡា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកជាបណ្ដោះអាសន្ន បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ក្នុងការវាយឆ្មក់មួយ ហើយបាននាំលោកទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក ត្រាំ បាននិយាយក្នុងអំឡុង ពេលសន្និសីទសារព័ត៌មានមួយ នៅរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋផ្លរីដាថា “យើងនឹងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអាឡា រហូតដល់ពេល ដែលយើងអាចធ្វើការផ្លាស់ប្តូរ ដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌”។ “យើងមិនអាចប្រថុយប្រថាន ឲ្យអ្នកផ្សេងមកគ្រប់គ្រងប្រទេស វេណេស៊ុយអេឡា ដែលមិនគិតពីផលប្រយោជន៍ របស់ប្រជាជនវេណេស៊ុយអេឡាបាននោះទេ” ។
លោក ត្រាំ បាននិយាយទៀតថា ជាផ្នែកមួយនៃការកាន់កាប់នេះ គឺក្រុមហ៊ុនប្រេងធំៗរបស់អាមេរិកនឹងផ្លាស់ទៅប្រទេសវេណេស៊ុយអេឡា ដែលមានទុនបំរុងប្រេងធំ ជាងគេបំផុតរបស់ពិភពលោក និងជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងដែលខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលអ្នកជំនាញបាននិយាយថា ដំណើរការនេះអាចចំណាយ ពេលច្រើនឆ្នាំ។
ចំណែកអ្នករិះគន់ បាននិយាយថា ការផ្តោតរបស់លោកលើប្រេង នៅក្នុងសន្និសីទសារព័ត៌មាន បានលើកឡើងនូវសំណួរអំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលលោក ក្នុងការបង្កើត ការចាប់ខ្លួន លោក ម៉ាឌូរ៉ូ និងការវាយប្រហារ ដោយមីស៊ីលសម្លាប់មនុស្សជាបន្តបន្ទាប់លើទូកគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់ថា ជាប្រតិបត្តិការអនុវត្តច្បាប់ ដែលមានគោលបំណងទប់ស្កាត់ការ ដឹកជញ្ជូនគ្រឿងញៀន ទៅកាន់សហរដ្ឋអាមេរិក៕
ប្រែសម្រួល: ណៃ តុលា
