ព័ត៌មានអន្តរជាតិ

ផ្ទះរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅរដ្ឋ Ohio ត្រូវគេវាយប្រហារ

បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា ផ្ទះរបស់លោកនៅទីក្រុង Midwestern នៃរដ្ឋ Ohio ត្រូវបានវាយប្រហារ ដោយកត់សម្គាល់ថា លោកមិននៅផ្ទះនោះទេនៅពេលឧបទ្ទវហេតុបានកើតឡើង។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Vance បានសរសេរនៅលើ X ថា “តាមដែលខ្ញុំអាចប្រាប់បាន មនុស្សឆ្កួតម្នាក់បានព្យាយាមទម្លាយចូលបង្អួចដោយញញួរ។ ខ្ញុំដឹងគុណចំពោះសេវាកម្មសម្ងាត់ និងប៉ូលីស Cincinnati ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស” ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ភ្នាក់ងារសេវាសម្ងាត់បានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ ហើយមន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យថា ឈ្មោះ William DeFoor អាយុ ២៦ ឆ្នាំ ។

ការវាយប្រហារនេះគឺជាឧប្បត្តិហេតុចុងក្រោយបង្អស់នៃអំពើហឹង្សាប្រឆាំងនឹងមេដឹកនាំនយោបាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

កាលពីឆ្នាំមុន ក្នុងខែកញ្ញា សកម្មជននយោបាយអាយុ ៣១ឆ្នាំ Charlie Kirk ត្រូវបានគេសម្លាប់ ខណៈកំពុងនិយាយនៅសាកលវិទ្យាល័យ Utah Valley។

សមាជិកសភាពីររូបក្នុងរដ្ឋ Minnesota ត្រូវបានបាញ់ប្រហារកាលពីខែមិថុនា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងខែមេសា លំនៅដ្ឋានរបស់អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ត្រូវបានដុតបំផ្លាញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top