អន្តរាគមន៍យោធាឬឈ្លានពាន? «ឡូហ្ស៊ីកចោរប្លន់» បែបអាមេរិក
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ។ អាមេរិកបានអះអាងថា នេះជា«អន្តរាគមន៍យោធា»ដើម្បីបង្ក្រាប«មេខ្លោងគ្រឿងញៀន» ។
តើការបើកការវាយប្រហារដោយទ្រង់ទ្រាយធំនិងចាប់ខ្លួនមេដឹកនាំកំពុងកាន់អំណាចរបស់ប្រទេសមួយបែបនេះគ្រាន់តែជា«អន្តរាគមន៍យោធា»ដូចការលើកឡើងរបស់អាមេរិកឬ? តើការធ្វើវិទ្ធង្សនារដ្ឋអំណាចស្របច្បាប់នៃរដ្ឋអធិបតេយ្យមួយវាជា«រឿងប្រក្រតី»ឬយ៉ាងណា?
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គ្រប់រដ្ឋអធិបតេយ្យទាំងអស់សុទ្ធតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់អន្តរជាតិដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដូច្នេះ គ្មានប្រទេសណាមួយដែលមានសិទ្ធិទៅផ្តួលរំលំរដ្ឋអំណាចស្របច្បាប់និងគ្រប់គ្រងប្រទេសដទៃជាដាច់ខាតទោះតាមទម្រង់ណាក្តី លើកលែងតែមានការសម្រេចចិត្តពីអង្គការសហប្រជាជាតិ ។ ប៉ុន្តែ និយាយចំពោះអាមេរិកវិញ ការ«ឈឺឆ្អាល»ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃវាបានក្លាយទៅជាទម្លាប់ធម្មតារបស់ប្រទេសមហាអំណាចមួយនេះទៅហើយ ។ អ្វីដែលជាការកត់សម្គាល់ គឺបន្ទាប់ពីប្រទេសណាមួយដែលត្រូវអាមេរិកធ្វើ«អន្តរាគមន៍យោធា» គេមិនដែលឃើញប្រទេសនោះទទួលបានសន្តិភាពពេញលេញឬមានការអភិវឌ្ឍនោះទេ ពោលគឺស្ថិតក្នុងភាពកាន់តែច្របូកច្របល់និងមានសេដ្ឋកិច្ចកាន់តែទន់ខ្សោយដោយសារសង្គ្រាមឈ្លានពាន ។

ក្នុងនាមជាប្រទេសមហាអំណាច អាមេរិកបានបើកការវាយប្រហារលើប្រទេសដទៃមិនតិចដងទេក្រោមលេសគ្រប់បែបយ៉ាង ពិសេសប្រទេសណាដែលមិន«សមស្របតាមផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាមេរិក»នឹងត្រូវប្រឈមនឹងការគំរាមកំហែងពីការដាក់ទណ្ឌកម្មឬប្រតិបត្តិការយោធា ។ គេនៅចាំបានថា នៅឆ្នាំ ២០០១ អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានបើកការវាយប្រហារប្រទេសអាហ្វហ្កានីស្ថានក្រោមមូលហេតុថា «រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្កានីស្ថានមិនយល់ព្រមប្រគល់ខ្លួនមេភេរវករអាល់កៃដា បិនឡាដិន ឱ្យទៅអាមេរិក» ហើយបានគ្រប់គ្រងអាហ្វហ្កានីស្ថានរហូតដល់ទៅ២០ ឆ្នាំ ។ ក៏ប៉ុន្តែ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលកងទ័ពឈរជើងចុងក្រោយរបស់អាមេរិកបានដកចេញពីអាហ្វហ្កានីស្ថាន ក៏ប្រជាជនអាហ្វហ្កានីស្ថានមិនបានស្គាល់ពីសន្តិភាពនិងការអភិវឌ្ឍដែរ ។ ផ្ទុយទៅវិញ ប្រតិបត្តិការយោធារបស់អាមេរិកនៅអាហ្វហ្កានីស្ថាន បានបណ្តាលឱ្យជនស៊ីវិលចំនួន ៤៧២៤៥ នាក់ ព្រមទាំងយោធាចំនួន៦.៦ ម៉ឺននាក់ និងប៉ូលិសចំនួន៦.៩ ម៉ឺននាក់ដែលគ្មានពាក់ព័ន្ធនឹងភេរវកម្មត្រូវស្លាប់បាត់បង់ជីវិត ហើយមនុស្សជាង១០ លាននាក់ត្រូវនិរាសព្រាត់ប្រាស ។
កម្មវិធីស្បៀងសហប្រជាជាតិបានប្រកាសការព្រមានថា ប្រជាជនអាហ្វហ្កានីស្ថានប្រហែល៩៨% គ្មានអាហារបរិភោគគ្រប់គ្រាន់ ។ នៅខែមីនា ឆ្នាំ២០០៣ អាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចបានបើកវាយប្រហារលើប្រទេសអ៊ីរ៉ាក់ដោយសំអាងថាអ៊ីរ៉ាក់មាន«អាវុធប្រល័យលោក» បើទោះបីមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិនិងគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខក្តី ក៏ប្រតិបត្តិការយោធារបស់អាមេរិកបានឈ្លានពានអ៊ីរ៉ាក់យ៉ាងគឃ្លើន ។ ជនស៊ីវិលចន្លោះពី ២០ ម៉ឺនដល់២៥ ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានលើកនេះ ហើយមកដល់បច្ចុប្បន្ននៅបន្សល់ទុកគ្រាប់មីនប្រមាណ២៥ លានគ្រាប់និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកនៅអ៊ីរ៉ាក់ ។ អាមេរិកមិនដែលគិតគូរពីការបង់តម្លៃនៃការបំផុសសង្គ្រាមនោះទេ មានតែប្រជាជនអ៊ីរ៉ាក់ប៉ុណ្ណោះដែលដឹងថាខ្លួនត្រូវបង់តម្លៃធំប៉ុនណាដោយសារសង្គ្រាមឈ្លានពានរបស់អាមេរិក ។
នៅឆ្នាំ២០១១ សង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅប្រទេសស៊ីរី អាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចបានគាំទ្រយ៉ាងពេញទំហឹងចំពោះកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល ដែលប៉ុនប៉ងផ្ទួលរំលំរដ្ឋាភិបាលស្របច្បាប់ ។ នៅខែកញ្ញា ឆ្នាំ២០១៤ អាមេរិកបានវាយប្រហារតាមដែនអាកាសលើអ៊ីរ៉ាក់ក្រោមមូលហេតុបង្ក្រាប«អង្គការរដ្ឋអ៊ិស្លាម» ហើយបានពង្រីកទ្រង់ទ្រាយវាយប្រហារចូលដែនស៊ីរី និងបង្កើតមូលដ្ឋានទ័ពជាច្រើននៅក្នុងប្រទេសស៊ីរី ព្រមទាំងបានបើកការវាយប្រហារក្នុងប្រទេសស៊ីរីជាច្រើនលើកក្រោយឆ្នាំ២០១៧ ក្រោមលេស«ទប់ស្កាត់កុំឱ្យរដ្ឋាភិបាលស៊ីរីប្រើអាវុធគីមី» ។ ប្រជាជនស៊ីរីជាច្រើនបាននិយាយថា អាមេរិកបានមកប្លន់យកធនធានរបស់ពួកយើង បង្កភាពចលាចលនិងការបំផ្លិចបំផ្លាញយ៉ាងគឃ្លើន ហើយបែរជាអះអាងថាខ្លួនជាព្រះមកជួយសង្គ្រោះស៊ីរីទៅវិញ ។
នេះគ្រាន់តែជាឧទាហរណ៍មួយផ្នែកតូចដែលកើតឡើងជាក់ស្តែងក្រោមប្រតិបត្តិការយោធារបស់អាមេរិក ។ «អន្តរាគមន៍យោធា»បានក្លាយជាពាក្យយុទ្ធសាស្ត្រដែលអាមេរិកប្រើសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឬបង្កសង្គ្រាមឈ្លានពានចំពោះប្រទេសដទៃ ។ តួយ៉ាងដូចក្នុងករណីប្រទេសវ៉េណេស៊ុយអេឡាលើកនេះ អាមេរិកបានចោទប្រកាន់លោក នីកូឡាស់ ម៉ាឌូរ៉ូ ពីបទ«សមគំនិតភេរវកម្មគ្រឿងញៀន» ។
ប៉ុន្តែអ្វីដែលគេមើលឃើញជាក់ស្តែង គឺអាមេរិកបានប្រកាសគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ហើយត្រៀមបូមយកប្រេងបម្រុងរបស់ប្រទេសមួយនេះ ដែលជាគោលដៅពិតប្រាកដនៃប្រតិបត្តិការយោធារបស់អាមេរិក ។ ការប្លន់យកធនធានរបស់ប្រទេសដទៃបន្ទាប់ពីប្រតិបត្តិការយោធាវាជាទម្លាប់ជាប្រចាំរបស់អាមេរិកទៅហើយ ។ ប្រតិបត្តិការយោធារបស់អាមេរិកដែលល្មើសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិបាននាំឱ្យមានសំឡេងថ្កោលទោសដ៏ខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិនិងប្រជាជនក្នុងប្រទេសអាមេរិក និងបានលាតត្រដាងពីមុខមាត់ពិតនៃអនុត្តរភាពនិយមនិងសកម្មភាព«ចោរប្លន់»របស់អាមេរិក ។
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា «យើងមិនដែលសម្គាល់ឃើញថាប្រទេសណាមួយអាចដើរតួជាប៉ូលិសអន្តរជាតិនោះទេ ហើយក៏មិនយល់ស្របថាប្រទេសណាមួយអាចតាំងខ្លួនជាចៅក្រមអន្តរជាតិនោះដែរ។» ជាការពិតណាស់ ប្រសិនជាលោក ម៉ាឌូរ៉ូ ជាប់សង្ស័យពីបទល្មើសណាមួយ វាជាបញ្ហាផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡា ដែលត្រូវដោះស្រាយដោយស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសមួយនេះ តែមិនមែនត្រូវដោះស្រាយដោយអ្វីដែលហៅថា«អន្តរាគមន៍យោធា»របស់បរទេសនោះទេ ព្រោះវានឹងក្លាយជាគំរូដ៏អាក្រក់និងគ្រោះថ្នាក់បំផុតដែលអាចនឹងកើតឡើងម្តងហើយម្តងទៀត ។
ជាករណីជាក់ស្តែង លោក ត្រាំ ប្រធានាធិបតីអាមេរិកបានគំរាមក្រោយប្រតិបត្តិការយោធានៅវ៉េណេស៊ុយអេឡាថា «យើងត្រូវការកោះ Greenland ជាដាច់ខាត» ដែលទោះបីជាដែនកោះនេះស្ថិតក្រោមដែនអធិបតេយ្យរបស់ដាណឺម៉ាកក្តី ។ លើសពីនេះ លោកក៏បានគំរាមធ្វើប្រតិបត្តិការយោធាប្រឆាំងប្រទេសកូឡុំប៊ីផងដែរ ។ ទាំងនេះបានស្តែងពីចរិតអនុត្តរភាពសុទ្ធសាធ ដែលមានន័យថា «របស់ណាដែលអញត្រូវការ មិនថារបស់អ្នកដទៃក៏ដោយ ក៏អញត្រូវតែយកឱ្យបានជាដាច់ខាត»។
ជារួម ប្រទេសនានាត្រូវការការគោរពគ្នានិងសមភាពដើម្បីរួមគ្នាកសាងនិងអភិវឌ្ឍពិភពលោក តែមិនមែនអនុត្តរភាពដែលជាន់ឈ្លីយ៉ាងគឃ្លើនចំពោះច្បាប់អន្តរជាតិនិងកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនោះទេ ។ បើបណ្តែតបណ្តោយឱ្យអនុត្តរភាពនិយមរីកដុះដាលតាមតែទំនើងចិត្ត នោះពិភពលោកនឹងត្រូវធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលពិបាកស្រោចស្រង់បានជាមិនខាន៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
