លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង
រសៀលថ្ងៃទី៥ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាមិត្តនិងជាប្រទេសជិតខាង ចិននិងកូរ៉េខាងត្បូងគួរតែប្រាស្រ័យទាក់ទងគ្នានិងផ្លាស់ប្តូរគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ។ សេដ្ឋកិច្ចចិននិងកូរ៉េខាងត្បូងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជំរុញគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការបានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក យើងគួរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងកិច្ចសម្របសម្រួលគោលនយោបាយ ដើម្បីកសាងសមិទ្ធផលសហប្រតិបត្តិការកាន់តែច្រើន ក្នុងវិស័យងើបឡើងថ្មីដូចជាបញ្ញាសិប្បនិម្មិត ឧស្សាហកម្មបៃតងនិងសេដ្ឋកិច្ចពណ៌ប្រាក់ជាដើម ។
ភាគីទាំងពីរគួរបង្កើនការផ្លាស់ប្តូរប្រជាជន ជំរុញការប្រាស្រ័យទាក់ទងរវាងយុវជននិងក្មេងជំទង់ និងក្នុងវិស័យប្រព័ន្ធសារព័ត៌មាន កីឡា ធនាគារគំនិតនិងក្នុងតំបន់ជាដើម ។ ភាគីចិនរីករាយធ្វើការជាមួយកូរ៉េខាងត្បូង ក្តាប់ជាប់ទិសដៅកិច្ចសហប្រតិបត្តិការមេត្រីភាព ប្រកាន់ខ្ជាប់កម្មវត្ថុដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រចិន-កូរ៉េខាងត្បូងរីកចម្រើនតាមផ្លូវត្រឹមត្រូវ បង្កើនសុខសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានចំពោះសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់រហូតដល់ពិភពលោកផងដែរ ។
ជាការឆ្លើយតប លោក Lee Jae-myung បានថ្លែងថា កូរ៉េខាងត្បូងនិងចិនជាប្រទេសជិតខាង ទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង ។ ភាគីកូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្ពស់នូវទំនាក់ទំនងជាមួយប្រទេសចិន រីករាយចាត់ទុកការទូតប្រមុខរដ្ឋលើកដំបូងក្នុងឆ្នាំថ្មីនេះជាឱកាសមួយ ដើម្បីស្តារនិន្នាការអភិវឌ្ឍន៍ដោយគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគី ស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកការខ្វែងគំនិត ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រកូរ៉េខាងត្បូង-ចិន ដើម្បីរួមគ្នាត្រួសត្រាយនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន១៥ ទាក់ទងនឹងវិស័យការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បរិស្ថានអេកូឡូស៊ី គមនាគមន៍និងដឹកជញ្ជូននិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ៕
