ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan ជួបសំណេះសំណាលជាមួយលោកស្រី Kim Hea Kyung ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង

រសៀលថ្ងៃទី៥ ខែមករា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសំណេះសំណាលជាមួយលោកស្រី Kim Hea Kyung ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្រុងប៉េកាំង ។

ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជននិងប្រជាជន ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាង រំពឹងថាប្រជាជននៃប្រទេសទាំងពីរនឹងឧស្សាហ៍ទៅមករកគ្នា ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ។

លោកស្រី Peng Liyuan បានសម្តែងការកោតសរសើរចំពោះលោកស្រី Kim Hea Kyung ដែលបានខិតខំប្រឹងប្រែងក្នុងការងារសប្បុរសធម៌ ហើយបានបំពេញការងារជាច្រើនដើម្បីជំរុញការធានាសិទ្ធិនិងផលប្រយោជន៍របស់ស្រ្តីនិងកុមារ រំពឹងទុកថាភាគីទាំងពីរអាចចែករំលែកបទពិសោធដ៏មានតម្លៃជាមួយគ្នា ។

ជាការឆ្លើយតប លោកស្រី Kim Hea Kyung បានកោតសរសើរយ៉ាងខ្លាំងចំពោះលោកស្រី Peng Liyuan ដែលបានរួមចំណែកយ៉ាងសកម្មចំពោះការអភិវឌ្ឍកិច្ចការស្រ្តីនិងកុមារក្នុងរយៈពេលជាយូរកន្លងមក ព្រមទាំងបង្ហាញពីភាពរីករាយក្នុងការជំរុញយ៉ាងសកម្មឱ្យប្រជាជននៃប្រទេសទាំងពីរកូរ៉េខាងត្បូងនិងចិនបង្កើនការផ្លាស់ប្តូរ ក៏ដូចជារួមចំណែកចំពោះការពង្រឹងនិងពង្រីកចំណងមេត្រីភាពរវាងប្រទេសទាំងពីរផងដែរ ៕

To Top