ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកលនៅប៉េកាំង ។ ថ្នាក់ដឹកនាំបក្ស និងរដ្ឋចិនបានជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយតំណាងនៃគ្រប់មជ្ឈដ្ឋានដូចជា តំណាងមកពីមជ្ឈិមបក្សប្រជាធិបតេយ្យនានា តំណាងអ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនមែនជាសមាជិកបក្ស ជាដើម ដើម្បីរួមគ្នាអបអរទទួលស្វាគមន៍បុណ្យឆ្នាំថ្មីឆ្នាំសកល២០២៦។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា យើងបានធ្វើផែនការគោលរួចហើយ នេះជាពេលតស៊ូឆ្ពោះទៅមុខ។ បក្សទាំងមូល ប្រជាជនគ្រប់ជនជាតិត្រូវរួមសាមគ្គីគ្នាឱ្យកាន់តែរឹងមាំ ខិតខំប្រឹងប្រែងដើម្បីកសាងសមិទ្ធផលដ៏អស្ចារ្យ តាមរយៈការច្នៃប្រឌិតថ្មីនាពេលអនាគត ដើម្បីបើកទំព័រថ្មីនៃការកសាងទំនើបកម្មតាមបែបផែនចិនដោយឥតឈប់ឈរ។
លោក Xi Jinping ក៏បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងយោធាមជ្ឈិមចិន ថ្លែងអំណរគុណនិងសម្តែងការជូនពរដ៏ល្អបវរចំពោះមិត្តអន្តរជាតិគ្រប់ប្រទេសដែលយកចិត្តទុកដាក់និងគាំទ្រការធ្វើទំនើបកម្មតាមបែបផែនចិន។
តំណាងដែលបានចូលរួមពិធីសំណេះសំណាលនេះបានថ្លែងថា នឹងរួមសាមគ្គីគ្នាកាន់តែរឹងមាំជុំវិញការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន រួមចំណែកទាំងប្រាជ្ញានិងកម្លាំងកាយដើម្បីកសាងប្រទេសកាន់តែខ្លាំងក្លា ជំរុញការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ!
