ព័ត៌មានអន្តរជាតិ

ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើគំរាមកំហែងដោយឯកតោភាគីនិងខុសច្បាប់របស់សហរដ្ឋអាមេរិកចំពោះវ៉េណេស៊ុយអេឡា

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក Sun Lei ភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហជាបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍វ៉េណេស៊ុយអេឡាថា ប្រទេសចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើគំរាមកំហែង ដោយឯកតោភាគីនិងខុសច្បាប់របស់សហរដ្ឋអាមេរិក ហើយថ្កោលទោសយ៉ាងខ្លាំងក្លា ។

លោក Sun Lei បានថ្លែងថា ប្រទេសវ៉េណេស៊ុយអេឡាគឺជារដ្ឋអធិបតេយ្យ និងឯករាជ្យហើយមានសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរនៃប្រជាជាជាតិរបស់ខ្លួន ។

ប្រទេសអាមេរិកឡាទីន និងតំបន់ការាបៀនគឺជាកម្លាំងសំខាន់មួយសម្រាប់គាំពារសន្តិភាព និងស្ថិរភាពសកលនិងជំរុញការអភិវឌ្ឍ និងភាពរុងរឿងនៃសកលលោក ដូច្នេះមានសិទ្ធិពេញលេញក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ និងដៃគូសហប្រតិបត្តិការដោយម្ចាស់ការ ។ គ្មានប្រទេសណាមួយអាចដើរតួជាប៉ូលិសអន្តរជាតិនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចតាំងខ្លួនជាចៅក្រមអន្តរជាតិនោះដែរ ។ ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះរដ្ឋាភិបាលនិងប្រជាជនវ៉េណេស៊ុយអេឡាក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួនព្រមទាំងគាំទ្រយ៉ាងមុតមាំចំពោះប្រទេសក្នុងតំបន់ឱ្យគាំពារឋានៈជាតំបន់សន្តិភាពនៃអាមេរិកឡាទីននិងការាបៀន ។

ប្រទេសចិនទាមទារឱ្យភាគីអាមេរិកកែតម្រូវកំហុសជាបន្ទាន់ បញ្ឈប់ទង្វើសម្លុតកំហែង ព្រមទាំងអភិវឌ្ឍទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក រាប់អានគ្នាប្រកបដោយសមភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក ។

ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិដើម្បីបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ប្រកាន់ខ្ជាប់នូវសមភាពនិងយុត្តិធម៌ សំដៅរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់អាមេរិកឡាទីននិងការាបៀន ៕

To Top