ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ​ នឹងបង្កកថវិកាចំនួន ១០ពាន់លានដុល្លារដល់រដ្ឋចំនួន ៥​ នៃគណបក្សប្រជាធិបតេយ្យ

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់​ ត្រាំ​ មានគម្រោងបង្កកថវិកាសហព័ន្ធចំនួន ១០ពាន់លានដុល្លារអាមេរិកដល់រដ្ឋចំនួន ៥​ នៃគណបក្សប្រជាធិបតេយ្យ គឺរដ្ឋ Minnesota រដ្ឋ California រដ្ឋ New York រដ្ឋ Illinois និងរដ្ឋ Colorado ដោយសារតែមានការក្លែងបន្លំសុខុមាលភាព។

ថវិកានេះ ដែលរួមមានការឧបត្ថម្ភធនថែទាំកុមារ សេវាសង្គម និងការគាំទ្រជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប កំពុងត្រូវបានបង្កកដោយសារតែការអះអាងអំពីការក្លែងបន្លំយ៉ាងទូលំទូលាយនៅទូទាំងរដ្ឋ ដោយគ្មានភស្តុតាងដែលបានលើកឡើង បន្ទាប់ពីគម្រោងក្លែងបន្លំសុខុមាលភាពដ៏សំខាន់មួយនៅក្នុងរដ្ឋ Minnesota នេះបើយោងតាមកាសែត The New York Times។

របាយការណ៍នេះបានឧ្យដឹងថា “ការផ្អាកថវិកាអាចធ្វើឱ្យកម្មវិធីដែលបម្រើគ្រួសារដែលមានប្រាក់ចំណូលទាបរាប់រយរាប់ពាន់គ្រួសារនៅក្នុងរដ្ឋទាំងប្រាំមានគ្រោះថ្នាក់”។

ផែនការចុងក្រោយបំផុតបានកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានផ្អាកថវិកាសហព័ន្ធចំនួន ១៨៥លានដុល្លារដល់រដ្ឋ Minnesota ភាគខាងជើង បន្ទាប់ពីមានគម្រោងក្លែងបន្លំជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Jim O’Neill អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាមនុស្ស (HHS) បាននិយាយនៅថ្ងៃទី 30 ខែធ្នូ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X​ ថា​ «យើងបានបង្កកការបង់ប្រាក់ថែទាំកុមារទាំងអស់ទៅរដ្ឋ Minnesota​ អ្នកប្រហែលជាបានអានការចោទប្រកាន់ធ្ងន់ធ្ងរថា រដ្ឋ Minnesota បានបញ្ជូនប្រាក់ពន្ធរាប់លានដុល្លារទៅឱ្យមណ្ឌលថែទាំកុមារក្លែងបន្លំនៅទូទាំងរដ្ឋ Minnesota ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top