ព័ត៌មានអន្តរជាតិ

បារាំងអាចបញ្ជូនទាហានជាច្រើនពាន់នាក់​ ទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់

ប៉ារីស៖​ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង​ បានឧ្យដឹងថា ទាហានបារាំង «ជាច្រើនពាន់នាក់» អាចត្រូវបានដាក់ពង្រាយ​ ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់។

នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ France 2 ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉ារីស នៃប្រទេសលោកខាងលិច និងអឺរ៉ុប លោក ម៉ាក្រុង បានលេីកឡេីងថា «បារាំងនឹងចូលរួមក្នុងប្រតិបត្តិការ» ដើម្បីត្រួតពិនិត្យព្រំដែនរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានចុះហត្ថលេខា។

ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ទាហានបារាំង​ នឹងមិនមែនជាកងកម្លាំងប្រយុទ្ធនោះទេ ដោយបន្ថែមថា បារាំងនឹងចូលរួមក្នុង «ការបង្កើតឡើងវិញនូវកងទ័ពអ៊ុយក្រែន»។

លោកបានបន្ថែមថា «ការងារត្រូវបានអនុវត្តរវាងអ៊ុយក្រែន សម្ព័ន្ធមិត្តនៃឆន្ទៈ និងអាមេរិក។ ពួកគេនឹងក្លាយជាអ្នកទទួលខុសត្រូវក្នុងការកំណត់ថាតើតំបន់ព្រំដែនត្រូវបានរំលោភបំពាន​ ឬអត់»។

សម្ព័ន្ធភាព​មួយ​ដែលមាន​ប្រទេស​លោកខាងលិច និង​អឺរ៉ុប​ប្រហែល ៣០ បាន​ឯកភាព​គ្នា​នៅ​ថ្ងៃ​អង្គារ​នៅឯ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប៉ារីស​ថា ការដោះស្រាយ​សន្តិភាព​នាពេលអនាគត​ណាមួយ​ត្រូវតែ​រួមបញ្ចូល​ការធានា​សន្តិសុខ​ដ៏រឹងមាំសម្រាប់​ប្រទេស​អ៊ុយក្រែន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top