ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក​ បដិសេធអន្តរាគមន៍ពីបរទេស ហើយអំពាវនាវឱ្យមានការសន្ទនាជាមួយសហរដ្ឋអាមេរិក

ម៉ិកស៊ិក៖​ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធទម្រង់ណាមួយនៃអន្តរាគមន៍ពីបរទេសនៅក្នុងប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការផ្ដល់យោបល់ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទ័ពអាមេរិក​ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានពេលព្រឹកប្រចាំថ្ងៃ លោកស្រី Sheinbaum បានតស៊ូមតិឱ្យមានការសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរួមគ្នា និងការគោរពអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ ជាមធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព។

យោងតាមលោកស្រី Sheinbaum ប្រទេសម៉ិកស៊ិករក្សាជំហររឹងមាំ និងមានគោលការណ៍ដោយមិនបិទបណ្តាញទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោននោះឡើយ។

លោកស្រីបានលេីកឡេីងថា “យើងផ្ដល់អាទិភាពដល់ការសន្ទនាជាងអ្វីៗទាំងអស់​ យើងមានជំហររបស់យើង យើងមានគោលការណ៍របស់យើង ប៉ុន្តែយើងតែងតែស្វែងរកការសន្ទនាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក”។

លោកស្រីបានទទូចថា វិធីសមស្រប​ ដើម្បីធ្វើការជាមួយគ្នាគឺពង្រឹងបណ្តាញការទូត និងឈានទៅមុខជាមួយនឹងកិច្ចព្រមព្រៀងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងគោលការណ៍នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top