ព័ត៌មានអន្តរជាតិ

លោក ត្រាំ កំពុងថ្លឹងថ្លែងជម្រើសនានា​ ដើម្បីទទួលបានតំបន់ Greenland រួមទាំងការប្រើប្រាស់យោធាអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ និងក្រុមរបស់លោកកំពុងថ្លឹងថ្លែង «ជម្រើសជាច្រើន» ដើម្បីទទួលបានតំបន់​ Greenland របស់ប្រទេសដាណឺម៉ាក រួមទាំង «ការប្រើប្រាស់យោធាអាមេរិក» នេះបេីតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt។

លោកស្រី Leavitt បានប្រាប់ស៊ីនហួនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា «ប្រធានាធិបតី និងក្រុមរបស់លោក​ កំពុងពិភាក្សាអំពីជម្រើសជាច្រើន​ ដើម្បីបន្តគោលដៅគោលនយោបាយការបរទេសដ៏សំខាន់នេះ ហើយជាការពិតណាស់ ការប្រើប្រាស់យោធាអាមេរិកតែងតែជាជម្រើសមួយដែលអាចគ្រប់គ្រងបាន»។

លោកស្រីបានលេីកឡេីងថា «ប្រធានាធិបតី ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា ការទទួលបានតំបន់ Greenland គឺជាអាទិភាពសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយវាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់សត្រូវរបស់យើងនៅក្នុងតំបន់អាកទិក»។

លោក Stephen Miller អនុប្រធាន​សេតវិមាន បានឧ្យដឹងថា គ្មាន​អ្នកណា​ម្នាក់​នឹង​ប្រយុទ្ធ​នឹង​សហរដ្ឋអាមេរិក​នោះទេ ប្រសិនបើ​សហរដ្ឋអាមេរិក​ព្យាយាម​ដណ្តើម​យក​  Greenland ដែលជា​ទឹកដី​ស្វយ័ត​របស់​ប្រទេស​ដាណឺម៉ាក។

លោក Miller បាន​ឧ្យដឹងនៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ CNN ថា វា​គឺជាជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​តំបន់ Greenland គួរតែ​ក្លាយ​ជា​ផ្នែក​មួយ​របស់​សហរដ្ឋអាមេរិក»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top