សម្ព័ន្ធភាពលោកខាងលិច យល់ព្រមលើការធានាសន្តិសុខ ដែលមានកាតព្វកិច្ច សម្រាប់អ៊ុយក្រែន
ប៉ារីស ៖ សម្ព័ន្ធភាព នៃប្រទេសលោកខាងលិច និង អឺរ៉ុបប្រហែល ៣០ បានយល់ព្រមនៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងប៉ារីសថា ការដោះស្រាយសន្តិភាព នាពេលអនាគតណាមួយត្រូវតែរួមបញ្ចូល ការធានាសន្តិសុខដ៏រឹងមាំ និងមានកាតព្វកិច្ចសម្រាប់អ៊ុយក្រែន។
នៅក្នុងសេចក្តីប្រកាសរួម សម្ព័ន្ធភាពនៃឆន្ទៈបាននិយាយថា ពួកគេនៅតែប្តេជ្ញាចិត្តចំពោះសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានស្វាគមន៍វឌ្ឍនភាពនៅក្នុងការចរចាថ្មីៗនេះក្នុងចំណោមសហរដ្ឋអាមេរិក អ៊ុយក្រែន និងដៃគូអឺរ៉ុប។
សម្ព័ន្ធភាពបានសង្កត់ធ្ងន់ថា សមត្ថភាព របស់អ៊ុយក្រែន ក្នុងការការពារខ្លួន គឺមានសារៈសំខាន់ ចំពោះសន្តិសុខ នាពេលអនាគតរបស់ខ្លួន និងចំពោះស្ថិរភាពអឺរ៉ុប-អាត្លង់ទិកកាន់តែទូលំទូលាយ ហើយបានបញ្ជាក់ថា ការការពារអធិបតេយ្យភាព និង សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន នឹងក្លាយជាផ្នែកសំខាន់មួយ នៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ។
យោងតាមសេចក្តីប្រកាសនេះ សម្ព័ន្ធភាពនេះត្រៀម ខ្លួនរួចជាស្រេច ដើម្បីដាក់ចេញនូវប្រព័ន្ធ នៃការធានាដែលមានកាតព្វកិច្ចខាងនយោបាយ និងផ្លូវច្បាប់ នៅពេលដែលបទ ឈប់បាញ់ចូលជាធរមាន។
វានឹងរួមបញ្ចូលការចូលរួម ក្នុងយន្តការត្រួតពិនិត្យ បទឈប់បាញ់ដឹកនាំដោយសហរដ្ឋអាមេរិក ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការ ការពារជាតិរយៈពេលវែង៕
ប្រែសម្រួល ឈូក បូរ៉ា
