នាយករដ្ឋមន្ត្រីអេស្ប៉ាញ ព្រមានថា ប្រតិបត្តិការរបស់អាមេរិក នៅក្នុងប្រទេសវេណេស៊ុយអេឡា បង្កើតគំរូដ៏គ្រោះថ្នាក់
ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានឧ្យដឹងថា ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយបង្ខំ របស់សហរដ្ឋអាមេរិក ប្រថុយនឹងការរុញ ច្រានពិភពលោក ចូលទៅក្នុងយុគសម័យថ្មី ដ៏គ្រោះថ្នាក់ ហើយបានទទូចថា ប្រទេសរបស់លោកនឹងមិននៅស្ងៀមទេ នៅចំពោះមុខការរំលោភច្បាប់ អន្តរជាតិ។
ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំសម្ព័ន្ធភាពឆន្ទៈសម្រាប់អ៊ុយក្រែននៅទីក្រុងប៉ារីស លោក Sanchez បានឧ្យដឹងថា “ប្រតិបត្តិការនៅទីក្រុងការ៉ាកាស បានបង្កើតគំរូ ដ៏គួរឱ្យភ័យខ្លាច និងគ្រោះថ្នាក់ខ្លាំងណាស់ ដែលជំរុញឱ្យពិភពលោកឆ្ពោះ ទៅរកអនាគតនៃភាពមិនប្រាកដប្រជា និងភាពអសន្តិសុខ ដូចដែលយើងបានរងទុក្ខរួច ហើយបន្ទាប់ពីការឈ្លាន ពានផ្សេងទៀត ដែលជំរុញដោយការស្រេកឃ្លានប្រេង”។
លោកបានសង្កត់ធ្ងន់ថា ប្រទេសអេស្ប៉ាញ មិនអាចទទួលស្គាល់ភាព ស្របច្បាប់ នៃសកម្មភាពយោធា ដែលរំលោភច្បាប់ អន្តរជាតិ ហើយហាក់ដូចជាមិនបម្រើគោលបំណង អ្វីក្រៅពីការផ្តួលរំលំរដ្ឋាភិបាល ដើម្បីរឹបអូសធនធានធម្មជាតិ របស់ខ្លួននោះទេ។
រដ្ឋាភិបាលអេស្ប៉ាញ បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារ លើប្រទេសវេណេស៊ុយអេឡា ដោយរដ្ឋមន្ត្រីការបរទេស លោក Jose Manuel Albares បានឧ្យដឹងកាលពីថ្ងៃចន្ទថា ការវាយប្រហារនេះគឺផ្ទុយ នឹងច្បាប់អន្តរជាតិ យ៉ាងច្បាស់ ហើយថាការប្រើប្រាស់មធ្យោបាយហិង្សា និងកម្លាំងត្រូវតែអវត្តមានទាំងស្រុង ពីគោលនយោបាយការបរទេស៕
ប្រែសម្រួល ឈូក បូរ៉ា
