ព័ត៌មានអន្តរជាតិ

អាមេរិក ទាមទារឲ្យវេណេស៊ុយអេឡា កាត់ចោលទំនាក់ទំនង ជាមួយនឹងរុស្សីនិងចិន

បរទេស ៖ យោងតាមការចេញផ្សាយ របស់RT បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់សម្តី មនុស្សបីនាក់ ដែលស្គាល់ពីផែនការរបស់សេតវិមានថា សហរដ្ឋអាមេរិក បាននឹងកំពុងទាមទារឱ្យវេណេស៊ុយអេឡា ក្នុងការកាត់ទំនាក់ទំនង សេដ្ឋកិច្ចជាមួយរុស្ស៊ី ចិន អ៊ីរ៉ង់ និងគុយបា ប្រសិនបើខ្លួនចង់បូមប្រេងបន្ថែមទៀត។

កងកុម្មង់ដូអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងភរិយា Cilia Flores ក្នុងអំឡុងពេលវាយឆ្មក់ ពេលយប់ កាលពីថ្ងៃសៅរ៍ នៅក្នុងអ្វីដែលប្រទេសអាមេរិក ខាងត្បូងដែលសម្បូរប្រេង បានបរិហារថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។

យោងតាម ​​ABC សេតវិមាន បានទាមទារ ឱ្យប្រទេស វេណេស៊ុយអេឡា ត្រូវតែធ្វើជាដៃគូផ្តាច់មុខ ជាមួយសហរដ្ឋអាមេរិក លើការផលិតប្រេង និងអនុគ្រោះនៅពេលលក់ប្រេង ឆៅឲ្យខ្លួន។

លោកប្រធានាធិបតី Donald Trump បានទទូចថាក្រុមហ៊ុនអាមេរិក មានសិទ្ធិចូលទៅកាន់ឧស្សាហកម្ម ប្រេងរបស់ប្រទេស វេណេស៊ុយអេឡា ដែលលោកបានអះអាងថា ត្រូវបានធ្វើជាតូបនីយកម្ម ដោយអយុត្តិធម៌ ដោយអ្នកស្នងតំណែង មុនរបស់លោក Maduro គឺលោក Hugo Chavez។

គួរឲ្យដឹងបន្ថែមទៀតថា កាលពីថ្ងៃអង្គារ លោក Trump បានអះអាងថា ៖ អាជ្ញាធរបណ្តោះអាសន្ន នៃប្រទេសវេណេស៊ុយអេឡា នឹងធ្វើការផ្លាស់ប្តូរ ប្រេងដាក់ទណ្ឌកម្មចន្លោះពី ៣០ទៅ ៥០ លានបារ៉ែល ដើម្បីលក់ក្រោមការគ្រប់គ្រង របស់ទីក្រុងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ស៊ុនលី

To Top