Update: យោធាអង់គ្លេស ជាអ្នកផ្តល់ជំនួយដល់អាមេរិក ក្នុងការចាប់នាវាដឹកប្រេង ‘Bella 1 ដែលដោតទង់ជាតិរុស្ស៊ី
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេសបានផ្តល់ “ការគាំទ្រ” ដល់យោធាអាមេរិក ក្នុងការរឹបអូសយក នាវាដឹកប្រេង ដែលមានទង់ជាតិរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កប៉ាល់ដឹកប្រេង ត្រូវបានរារាំងកាលពីថ្ងៃពុធ នៅក្នុងដែនទឹកអន្តរជាតិ ឆ្ពោះទៅភាគពាយព្យនៃប្រទេសស្កុតឡែន។ មន្ទីរបញ្ចកោណអាមេរិក បានអះអាងថា នាវាដែលពីមុនត្រូវបានគេស្គាល់ថា ‘Bella 1’ បានជាប់ពាក់ព័ន្ធ ក្នុងការចោទប្រកាន់ថា “បំពានលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក”។
ក្រសួងការពារជាតិ របស់អង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចក្រភពអង់គ្លេសបាន ជួយសហរដ្ឋអាមេរិកក្នុងអំឡុងពេលប្រតិបត្តិការតាមសំណើរបស់វ៉ាស៊ីនតោន។ សេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេសរបស់យើងបានបង្ហាញពីជំនាញ និងវិជ្ជាជីវៈក្នុងការគាំទ្រដល់ការស្ទាក់ចាប់នាវា Bella 1 ដោយជោគជ័យ ខណៈដែលកំពុងធ្វើ ដំណើរទៅកាន់ប្រទេសរុស្ស៊ី ។ សកម្មភាពនេះបានបង្កើតឡើង ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ជាសកលដើម្បីបង្ក្រាប លើការទម្លាក់ទណ្ឌកម្ម។
អង់គ្លេសបានអះអាងថា កប៉ាល់ដែលត្រូវបានឃាត់ខ្លួននោះមាន “ប្រវត្តិមិនសមរម្យ” ហើយត្រូវបានគេចោទថាជា “ផ្នែកមួយនៃអ័ក្ស នៃការគេចពីទណ្ឌកម្មរុស្ស៊ី-អ៊ីរ៉ង់”។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកបាននិយាយថា ការរឹបអូសយកកប៉ាល់ ដឹកប្រេងនេះ គឺពាក់ព័ន្ធទៅនឹង “ការបិទផ្លូវនៃទណ្ឌកម្ម និងប្រេងខុសច្បាប់របស់វេណេស៊ុយអេឡា”៕
ប្រែសម្រួលៈ ណៃ តុលា
