ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនប្រេងរដ្ឋ វេណេស៊ុយអេឡា កំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីលក់ប្រេងឆៅ

ការ៉ាកាស៖ ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា Petroleos de Venezuela S.A. បានឲ្យដឹងថា ខ្លួនកំពុងធ្វើការចរចាពាណិជ្ជកម្មទ្វេភាគី ជាមួយសហរដ្ឋអាមេរិកសម្រាប់ការលក់ប្រេងឆៅ នេបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប៉ុស្តិ៍ Telegram របស់ខ្លួន ក្រុមហ៊ុនប្រេងនេះបានឲ្យដឹងថា ភាគីទាំងពីរកំពុងពិភាក្សាអំពី “ការលក់បរិមាណប្រេង” ហើយដំណើរការនេះ កំពុងត្រូវបានអនុវត្តដោយប្រើ “គ្រោងការណ៍ស្រដៀងគ្នា ទៅនឹងអ្វីដែលកំពុងអនុវត្ត ជាមួយក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុន Chevron”។

ការប្រកាសនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា នឹងផ្គត់ផ្គង់ប្រេង ដែលមានគុណភាព ខ្ពស់ដល់សហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិកបាន ចាប់ផ្តើមប្រតិបត្តិការយោធា ទ្រង់ទ្រាយធំប្រឆាំងនឹង ប្រទេសវេណេស៊ុយអេឡានៅព្រឹកព្រលឹមថ្ងៃទី ៣ ខែមករា ដោយបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក មុនពេលចាប់អ្នកទាំងពីរ ដាក់ពន្ធនាគារនៅទីក្រុងញូវយ៉ក។

សហរដ្ឋអាមេរិកត្រូវបានរិះគន់ និងតវ៉ាយ៉ាងទូលំទូលាយបន្ទាប់ពីការ វាយប្រហារយោធាលើប្រទេសវេណេស៊ុយអេឡា ដែលមនុស្សជាច្រើនមើលឃើញថា ជាសកម្មភាពខុសច្បាប់ ដែលជំរុញដោយបំណងប្រាថ្នា ចង់គ្រប់គ្រងទុនបំរុងប្រេង ដ៏ច្រើនរបស់ប្រទេសអាមេរិកខាងត្បូងនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top