ព័ត៌មានអន្តរជាតិ

‎ក្រុមប្រដាប់អាវុធនៅរដ្ឋ ការ៉ែន ប្រកាសឯករាជ្យពី មីយ៉ាន់ម៉ា ហើយប្រធានាធិបតី ឈ្មោះ Nerdah Mya‎


បរទេស: កងទ័ពកាវធូឡៃ (KTLA) ដែលជាក្រុមបំបែកខ្លួន របស់សហភាពជាតិការ៉ែន (KNU) នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួនបានបង្កើតសាធារណរដ្ឋឯករាជ្យមួយ នៅក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់ខ្លួន នៅក្នុងឃុំមីយ៉ាវ៉ាឌី រដ្ឋការ៉ាន កាលពីថ្ងៃចន្ទ។

‎យោងតាមវែបសាយ DVB ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រុមនេះបានបន្ថែមថា ប្រធានសេនាធិការ KTLA គឺលោក Nerdah Mya ដែលជាកូនប្រុសរបស់អតីតមេដឹកនាំ សហភាពជាតិការ៉ែន លោក Bo Mya គឺជាប្រធានាធិបតីថ្មីនៃ “សាធារណរដ្ឋកាវធូឡៃឯករាជ្យ” នៅថ្ងៃទី ៥ ខែមករា ដែលជាថ្ងៃបុណ្យឯករាជ្យការ៉ែនលើកទី ៧៨ ពីចក្រភពអង់គ្លេស។

‎កងទ័ពកាវធូឡៃ គឺជាកងជីវពលប្រឆាំងយោធាដែលបានបំបែកចេញពី សហភាពជាតិការ៉ែន ក្នុងឆ្នាំ ២០២២ បន្ទាប់ពីស្លាបប្រដាប់អាវុធរបស់ខ្លួន គឺកងទ័ពរំដោះជាតិការ៉ាន (KNLA) និងអង្គការការពារជាតិការ៉ាន (KNDO) បានបណ្តេញលោក Nerdah Mya ចេញពីតំណែងជាប្រធានសេនាធិការ KNDO នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២។ បីថ្ងៃមុនពេលលោកត្រូវបានបណ្តេញចេញ លោក Nerdah Mya បានបង្កើត KTLA។

‎ទីស្នាក់ការកណ្តាលរបស់ខ្លួនមានទីតាំងនៅភូមិស៊ូកាលី ក្នុងស្រុកមីយ៉ាវ៉ាឌី តាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា-ថៃ ទល់មុខខេត្តតាករបស់ប្រទេសថៃ និងមានចម្ងាយ ៨១ ម៉ាយ (១៣០ គីឡូម៉ែត្រ) ភាគខាងកើតនៃរដ្ឋធានីហាប៉ាអាន របស់រដ្ឋការ៉ាន៕

‎‎ប្រែសម្រួល: ណៃ តុលា

To Top