ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បិទអ៊ិនធឺណេត ក្នុងគ្រាដែលបាតុករ កំពុងផ្ទុះការតវ៉ាកាន់តែខ្លាំង

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីក្រុមឃ្លាំមើលពិភពលោក NetBlocks បាននិយាយថា ការដាច់អ៊ីនធឺណិត ទូទាំងប្រទេសត្រូវបានរាយការណ៍ នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។
ការផ្តាច់អ៊ិនធឺណេតបែបនេះ ត្រូវបានធ្វើឡើង នៅចំពេលមានការតវ៉ាបាន និងកំពុងផ្ទុះឡើងនៅទូទាំងប្រទេស ចាប់តាំងពីចុងខែធ្នូ ដែលជំរុញ ដោយសារបញ្ហាកំណើនអតិផរណាខ្ពស់ និងវិបត្តិសេដ្ឋកិច្ចដែលស្ថិតស្ថេរ នៅក្នុងសាធារណរដ្ឋអ៊ីស្លាមដែលត្រូវបានដាក់ទណ្ឌកម្ម។យ៉ាងណាក្តីនៅមិន​មាន​ព័ត៌មាន​បន្ថែម​អំពី​ការ​ដាច់​អ៊ីនធឺណិត​ភ្លាមៗនេះ​ទេ។

ភាពចលាចលទូទាំងប្រទេស ដែលជាការអាក្រក់បំផុត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានរីករាលដាលយ៉ាងឆាប់ រហ័សទៅកាន់ទីក្រុងជាច្រើន ហើយត្រូវបានគេរាយការណ៍ថា បាននាំឱ្យមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរជាមួយអាជ្ញាធរអ៊ីរ៉ង់ ដោយមានអ្នកតវ៉ាមួយចំនួនទាមទារឱ្យមាន របបរាជានិយមឡើងវិញ។

របាយការណ៍​បាន​និយាយដែរ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ២១ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេល​ការ​តវ៉ា។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ក៏បានបង្ហោះវីដេអូ មួយពីទីក្រុង Qazvin ភាគខាងជើងនៃប្រទេស ដោយបានបង្ហាញពីការ វាយប្រហារយ៉ាងព្រៃផ្សៃទៅលើមន្ត្រីសន្តិសុខម្នាក់។

តាម​ប្រភព​ព័ត៌មាន មន្ត្រី​រូប​នោះ​មិន​មាន​ប្រដាប់​អាវុធ​ទេ ហើយ​គ្រាន់តែ​អញ្ជើញ​ប្រជាពលរដ្ឋ ​ដែល​មាន​វត្តមាន​នៅ​តាម​ដងផ្លូវ​មក​តវ៉ា​ដោយ​មិន​មានការ​ប្រមាថ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top