រដ្ឋមន្ត្រីក្រសួងសង្គ្រាម និងរដ្ឋមន្ត្រីការបរទេស អាមេរិកថា សេតវិមានមិនមានគម្រោង ដាក់ពង្រាយកងទ័ពជើងគោក នៅវ៉េណេស៊ុយអេឡានោះទេ
បរទេស៖ មន្ត្រីសន្តិសុខជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា បានច្រានចោលផែនការ ដាក់ពង្រាយកងទ័ពជើងគោក នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការចាប់ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ ។ ការអះអាងនេះបានបដិសេធការគំរាមកំហែង ពីមុនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីសកម្មភាពយោធាបន្ថែមទៀត ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបង្កឱ្យមានការខឹងសម្បារ ពីអន្តរជាតិកាលពីថ្ងៃសៅរ៍ នៅពេលដែលកងកម្លាំងពិសេសរបស់ខ្លួន បានវាយឆ្មក់ទីក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា ចាប់ខ្លួនលោកម៉ាឌូរ៉ូ និងភរិយា គឺលោកស្រី ស៊ីលៀ ហ្វ្លរេស ដែលក្រោយមកត្រូវបានចោទប្រកាន់ពីទីក្រុងញូវយ៉ក ពីបទជួញដូរគ្រឿងញៀន ហើយអ្នកទាំងពីបានអះអាងថា មិនបានធ្វើខុសនោះទេ ។
ទីក្រុងការ៉ាកាសបានថ្កោលទោស ប្រតិបត្តិការនេះថា ជា “ការវាយប្រហាររបស់ចក្រពត្តិនិយម” ខណៈពេលដែលលោក ត្រាំ បានការពារការវាយប្រហារនេះ ដោយផ្អែកលើមូលដ្ឋានសន្តិសុខ ដោយលើកឡើងពីគោលលទ្ធិម៉ុនរ៉ូ នៃសតវត្សរ៍ទី ១៩ ដែលកំណត់អាមេរិកឡាទីនថាជា ដែនឥទ្ធិពល របស់ទីក្រុងវ៉ាស៊ីនតោន ។ ក្រោយមកលោក ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយកងកម្លាំងបន្ថែម និង “ធ្វើការវាយប្រហារលើកទីពីរ” ប្រសិនបើប្រធានាធិបតីបណ្តោះអាសន្នវេណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez បរាជ័យក្នុងការសហការជាមួយទីក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth និង រដ្ឋមន្ត្រីការបរទេស Marco Rubio បានប្រាប់សមាជិកសភា នៅក្នុងសន្និសីទសារព័ត៌មាន បិទទ្វារព្រឹទ្ធសភាកាលពីថ្ងៃពុធថា សេតវិមានមិនមានគម្រោងដាក់ពង្រាយកងទ័ពជើងគោកទេ នេះបើយោងតាមការរាយការណ៍របស់ Politico និង Stars and Stripes ដោយដកស្រង់សម្តីមនុស្ស ដែលបានចូលរួមព្រឹត្តិការណ៍នេះ៕
