ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាល្លឺម៉ង់ថា សហរដ្ឋអាមេរិកកំពុងធ្វើឱ្យខូច សណ្តាប់ធ្នាប់ពិភពលោក

បរទេស៖ លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានលើកឡើងថា ការបំពានបទដ្ឋានអន្តរជាតិដោយសហរដ្ឋអាមេរិក គឺកំពុងធ្វើឱ្យពិភពលោកកាន់តែមានគ្រោះថ្នាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកបានថ្លែងថា ការកត់សម្គាល់របស់លោក បានកើតឡើងបន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រុមកុម្ម៉ង់ដូវាយឆ្មក់ចូលទៅក្នុងទីក្រុងការ៉ាកាស ដើម្បីចាប់ពង្រត់ប្រធានាធិបតីវេណេស៊ុយអេឡា គឺលោក នីកូឡាស ម៉ាឌូរ៉ូ និងបានបន្តផែនការ ដើម្បីទទួលបានកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក។

លោក Steinmeier បានមានប្រសាសន៍ កាលពីថ្ងៃពុធ ក្នុងអំឡុងពេលសិក្ខាសាលាមួយនៅឯមូលនិធិ Koerber ដែលប្រារព្ធឡើងក្នុងកិត្តិយស នៃខួបកំណើតគម្រប់ ៧០ ឆ្នាំរបស់លោក ដូចដែលបានដកស្រង់ដោយ Reuters ថា “មានការបែកបាក់នៃតម្លៃដោយដៃគូសំខាន់បំផុតរបស់យើង គឺសហរដ្ឋអាមេរិក ដែលបានជួយកសាងសណ្តាប់ធ្នាប់ពិភពលោកនេះ”។

លោកបានជំរុញឱ្យមានកិច្ចខិតខំប្រឹង ប្រែងដើម្បីការពារ “ពិភពលោកពីការប្រែក្លាយទៅជារូងចោរប្លន់ ជាកន្លែងដែលមនុស្សគ្មានសីលធម៌ បំផុតយកអ្វីដែលពួកគេចង់បាន ជាកន្លែងដែលតំបន់ ឬប្រទេសទាំងមូលត្រូវបានចាត់ទុកថា ជាកម្មសិទ្ធិរបស់មហាអំណាចមួយចំនួន”៕

To Top