អត្រាពលរដ្ឋ អត់ការងារធ្វើនៅកាណាដា កើនទៅដល់៦,៨ភាគរយ នៅក្នុងខែធ្នូកន្លងមក
បរទេស៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ស្ថិតិនៅក្នុងប្រទេសកាណាដាបានប្រកាសកាលពីថ្ងៃសុក្រថា អត្រាគ្មានការងារធ្វើ របស់ពលរដ្ឋកាណាដា បានកើនឡើងដល់៦,៨ភាគរយ នៅក្នុងខែធ្នូនេះ។
ទីភ្នាក់ងារស្ថិតិជាតិបាននិយាយថា ការកើនឡើងនៅក្នុងខែធ្នូ គឺអាចប៉ះប៉ូវផ្នែកខ្លះ នៃការធ្លាក់ចុះ០,៦ ភាគរយក្នុងរយៈពេលពីរខែមុន ។ ប្រភពដដែលបានបន្ថែមទៀតថា មានអ្នកអត់ការងារធ្វើចំនួន១,៦ លាននាក់នៅក្នុងខែធ្នូ ពោលគឺកើនឡើងប្រមាណជា៧៣០០០ក្នុងមួយខែ។
យោងតាមទីភ្នាក់ងារនេះ អត្រាគ្មានការងារ ធ្វើសម្រាប់យុវជនដែលមានអាយុពី១៥ទៅ២៤ ឆ្នាំបានកើនឡើងដល់១៣,៣ភាគរយ។
យ៉ាងណាក្តីគេសង្កេតឃើញថា ស្ថានភាពទីផ្សារការងារពីមុនមានភាពប្រសើរឡើងសម្រាប់យុវជនក្នុងខែតុលា និងវិច្ឆិកា ជាមួយនឹងការងារកើនឡើង ហើយអត្រាអត់ការងារធ្វើរបស់យុវជនបានធ្លាក់ចុះត្រឹមតែ១,៩ ភាគរយក្នុងរយៈពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី
