អង្គការសហប្រជាជាតិ មិនទាន់ត្រូវបានជូនដំណឹងជាផ្លូវការ អំពីការសម្រេចចិត្តរបស់អាមេរិកក្នុងការដកខ្លួនចេញ ពីអង្គភាពអង្គការសហប្រជាជាតិនៅឡើយទេ
អង្គការសហប្រជាជាតិ៖ អង្គការសហប្រជាជាតិ មិនទាន់ត្រូវបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១ នៅឡើយទេ នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយនៅពេលដែលត្រូវបានសួរថាតើអង្គការសហប្រជាជាតិត្រូវបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១ ដែរឬទេ។
យោងតាមអនុស្សរណៈប្រធានាធិបតី ដែលចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន ៦៦។
អនុស្សរណៈនេះអនុវត្តចំពោះអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១ និងអង្គភាពមិនមែនអង្គការសហប្រជាជាតិចំនួន ៣៥ ដែលសេតវិមានបានឧ្យដឹងថា “លែងបម្រើផលប្រយោជន៍អាមេរិកទៀតហើយ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយអ្នកនាំពាក្យនៅថ្ងៃព្រហស្បតិ៍ ប្រមុខអង្គការសហប្រជាជាតិ បានសម្ដែងការសោកស្តាយ ចំពោះការប្រកាសរបស់សេតវិមានទាក់ទងនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា “ដូចដែលយើងបានគូសបញ្ជាក់ជាប់លាប់ ការវាយតម្លៃការចូលរួមវិភាគទាន ចំពោះថវិកាធម្មតារបស់អង្គការសហប្រជាជាតិ និងថវិការក្សាសន្តិភាព ដូចដែលត្រូវបានអនុម័តដោយមហាសន្និបាត គឺជាកាតព្វកិច្ចផ្លូវច្បាប់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់រដ្ឋជាសមាជិកទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា
