ព័ត៌មានអន្តរជាតិ

ការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់អាមេរិកនៅវេណេស៊ុយអេឡា​ ធ្វើឡើងនៅទីក្រុងរីហ្គា

រីហ្គា៖ ការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក​ នៅវេណេស៊ុយអេឡាបានធ្វើឡើងនៅថ្ងៃសុក្រនៅមុខប្រាសាទរីហ្គា ដោយក្រុមបាតុករកាន់ទង់ជាតិនៃប្រទេសវេណេស៊ុយអេឡា ឡាតវី សហភាពអឺរ៉ុប និងអ៊ុយក្រែន។

អ្នកចូលរួមបានស្រែកពាក្យស្លោកដូចជា “លែងដៃពីវេណេស៊ុយអេឡា!” “ប្រធានាធិបតី ចាប់យកឱកាស ចងចាំតួនាទីរបស់អ្នក!” និង “សហរដ្ឋអាមេរិកកំពុងធ្វើអាណានិគម អឺរ៉ុបកំពុងមិនអើពើ!” ក្រុមបាតុករក៏បានកាន់ផ្ទាំងរូបភាព​ ដែលសរសេរថា “តើច្បាប់អន្តរជាតិនៅឯណា?” និង “តើអ្នកណានឹងជាអ្នកបន្ទាប់? កូឡុំប៊ី? ហ្គ្រីនឡែន?”

មន្ត្រីអនុវត្តច្បាប់មានវត្តមាននៅកន្លែងកើតហេតុ​ ដើម្បីតាមដានព្រឹត្តិការណ៍នេះ។
ការតវ៉ានេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសហគមន៍ Maiznica និងគាំទ្រដោយអង្គការយុវជន Protest and Young European Federalists។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នករៀបចំបានឧ្យដឹងថា បាតុកម្មនេះមានគោលបំណងថ្កោលទោសអ្វីដែលពួកគេបានពិពណ៌នាថាជា “ការឈ្លានពានរបស់ចក្រពត្តិនិយមអាមេរិក​ ប្រឆាំងនឹងវេណេស៊ុយអេឡា” និងអំពាវនាវឱ្យរដ្ឋាភិបាលឡាតវី​ អនុវត្តច្បាប់អន្តរជាតិស្មើៗគ្នា​ ចំពោះប្រទេសទាំងអស់។

ចលនានេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសវេណេស៊ុយអេឡានៅថ្ងៃទី៣​ ខែមករា ដោយបានចាប់ខ្លួនប្រធានាធិបតីលោក​ នីកូឡាស​ ម៉ាឌូរ៉ូ នៃប្រទេសដែលសម្បូរប្រេងនៅអាមេរិកខាងត្បូង និងភរិយារបស់លោក មុនពេលដាក់ពួកគេនៅក្នុងពន្ធនាគារនៅទីក្រុងញូវយ៉ក ដែលទាក់ទាញការថ្កោលទោស និងការព្រួយបារម្ភទូទាំងពិភពលោក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top