កាសែតអាមេរិក New York Times ផ្សាយថា លោក Trump កំពុងពិចារណាវាយប្រហារថ្មីលើអ៊ីរ៉ង់
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការបញ្ជាឱ្យវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបរបស់រដ្ឋាភិបាលអ៊ីរ៉ង់លើការតវ៉ា និងកុបកម្មដែលបង្កឡើងដោយអតិផរណាកើនឡើងខ្ពស់, នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលស៊ាំនឹងការពិភាក្សាទាំងនោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមកាសែត New York Times គឺលោក ត្រាំ ត្រូវបានជូនដំណឹងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះអំពីជម្រើសវាយប្រហារជាច្រើន រួមទាំងការវាយប្រហារលើគោលដៅមិនមែនយោធានៅទីក្រុងតេហេរ៉ង់ ប៉ុន្តែមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ ប្រធានាធិបតីអាមេរិក បានចេញការគំរាមកំហែងជាច្រើនប្រឆាំងនឹងអ៊ីរ៉ង់កាលពីអតីតកាល និងបានសម្តែងការគាំទ្រជាសាធារណៈចំពោះក្រុមបាតុករនៅថ្ងៃសៅរ៍។
លោក ត្រាំ បានសរសេរនៅលើវេទិកា Truth Social របស់លោកថា “អ៊ីរ៉ង់កំពុងសម្លឹងមើលសេរីភាព ប្រហែលជាមិនដូចពីមុនទេ។ សហរដ្ឋអាមេរិកត្រៀមខ្លួនជួយ!!!”។
ការតវ៉ាបានផ្ទុះឡើងនៅអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែធ្នូ បន្ទាប់ពីការធ្លាក់ចុះនៃរូបិយប័ណ្ណជាតិបាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃអាហារ និងទំនិញសំខាន់ៗផ្សេងទៀត។ ការតវ៉ាបានកើនឡើងយ៉ាងឆាប់រហ័សទៅជាភាពចលាចលយ៉ាងទូលំទូលាយ ដោយក្រុមកុបកម្មបានប៉ះទង្គិចជាមួយប៉ូលីស និងវាយប្រហារស្ថាប័នរដ្ឋាភិបាលនៅទីក្រុងតេហេរ៉ង់ និងទីក្រុងដទៃទៀត។ អាជ្ញាធរអ៊ីរ៉ង់បានកាត់ផ្តាច់ការតភ្ជាប់អ៊ីនធឺណិត និងទូរស័ព្ទទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អំពើហិង្សា។
អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកជំរុញឱ្យមានភាពចលាចល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លិក Abbas Araghchi បានសរសេរនៅលើ X នៅថ្ងៃសៅរ៍ថា “ដោយជឿថាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺដូចប្រទេសដទៃទៀតដែរ សហរដ្ឋអាមេរិកកំពុងបន្តវិធានការដូចគ្នាដោយលើកទឹកចិត្តបុគ្គលមួយចំនួនឱ្យបង្កើតភាពវឹកវរ និងកុបកម្ម”៕
ប្រែសម្រួលៈ ណៃ តុលា
