តេអេរ៉ង់៖ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានរៀបចំភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន IRIB ដែលគ្រប់គ្រងដោយរដ្ឋ។
ទោះបីជាការតវ៉ាថ្មីៗនេះបានចាប់ផ្តើមជាបាតុកម្មប្រឆាំងនឹងអស្ថិរភាពសេដ្ឋកិច្ចក៏ដោយ ក៏អ៊ីស្រាអែល បានកេងប្រវ័ញ្ចពួកគេ ដើម្បីធ្វើឱ្យប្រទេសមានអស្ថិរភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ IRIB។
សេចក្តីថ្លែងការណ៍ចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រាន់តែបញ្ជាក់ពី “ការឃុបឃិតគ្នារវាងរបបទាំងពីរ” ដែលកំពុងស្វែងរកការបំផ្លាញជីវិតរបស់ប្រជាជនអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ប្រជាជនអ៊ីរ៉ង់ បានបង្ហាញឯកភាពរបស់ពួកគេរួចហើយ ដូចជានៅក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយបន្ថែមថា នៅថ្ងៃនេះ ដោយមានឯកភាពដូចគ្នា ផែនការបំផ្លិចបំផ្លាញទាំងអស់នឹងត្រូវបានរារាំង។
លោក ដូណាល់ ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតថានឹងវាយប្រហារអ៊ីរ៉ង់ ប្រសិនបើអាជ្ញាធររបស់ខ្លួន “ចាប់ផ្តើមសម្លាប់មនុស្ស” ដែលកំពុងតវ៉ានៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ ចំពេលមានការតវ៉ាទូទាំងប្រទេសកាន់តែខ្លាំងឡើង ដោយអំពាវនាវឱ្យប្រជាជនរក្សាសាមគ្គីភាព និងនិយាយថា ក្រុមបាតុករមួយចំនួនព្យាយាមផ្គាប់ចិត្តសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
