ប្រទេសបារាំង បញ្ជាក់ថា ខ្លួនមានសិទ្ធិបដិសេធសំណើ ដែលមិនអាចទទួលយកបានពីសម្ព័ន្ធមិត្ត
ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានឧ្យដឹងថា ប្រទេសបារាំង និងអឺរ៉ុបមានសិទ្ធិបដិសេធសំណើពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ពួកគេ សូម្បីតែនៅពេលដែលសំណើទាំងនោះមិនអាចទទួលយកបាន ខណៈពេលដែលព្រមានថា អង្គការនយោបាយរបស់អឺរ៉ុប កំពុងស្ថិតនៅក្រោមភាពតានតឹង។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកទៅកាន់ឯកអគ្គរដ្ឋទូតបារាំង លោក Barrot បានឧ្យដឹងថា សហរដ្ឋអាមេរិក អាច «គិតឡើងវិញអំពីចំណងដែលចងភ្ជាប់យើង» ប៉ុន្តែបានបន្ថែមថា អឺរ៉ុបក៏មាន «សិទ្ធិនិយាយថាទេ ចំពោះសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ នៅពេលដែលចាំបាច់»។
លោកបានលេីកឡេីងថា អង្គការនយោបាយរបស់អឺរ៉ុប «ស្ថិតក្នុងគ្រោះថ្នាក់នាពេលបច្ចុប្បន្ន ប៉ុន្តែបានបដិសេធការអះអាងថា ទ្វីបនេះកំពុងប្រឈមមុខនឹងការលុបបំបាត់អរិយធម៌»។
ការព្រមានបែបនេះបានលេចឡើងម្តងទៀតបន្ទាប់ពីយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលចេញផ្សាយក្នុងខែធ្នូ បានផ្តល់នូវការវាយតម្លៃអវិជ្ជមានមិនធម្មតាលើសហភាពអឺរ៉ុប ដោយអះអាងថា អឺរ៉ុបកំពុងជួបប្រទះនឹងការរិចរិលនៃសេរីភាព និងអធិបតេយ្យភាពនយោបាយ។
ងាកមកនិយាយអំពីទំនាក់ទំនងអន្តរអាត្លង់ទិកវិញ លោកបានពណ៌នាអំពីសហរដ្ឋអាមេរិកថាជាសម្ព័ន្ធមិត្តមួយ «ដែលយើងមិនតែងតែចុះសម្រុងជាមួយ»។
ភាពតានតឹងបានកើនឡើងដោយសារសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបង្ហាញពីបំណងប្រាថ្នាចង់ដណ្តើមយកតំបន់ហ្គ្រីនឡែន ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលជាសំណើមួយដែលត្រូវបានបដិសេធយ៉ាងដាច់អហង្ការដោយមេដឹកនាំអឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា
