ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា សន្យាថានឹងយកប្រធានាធិបតី Nicolas Maduro និងភរិយា ត្រឡប់មកប្រទេសវិញ

បរទេស៖ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានសន្យាថានឹងសម្រេចនូវការវិលត្រឡប់របស់ប្រធានាធិបតី Nicolas Maduro និងភរិយាគឺលោកស្រី Cilia Flores មកវិញ ក្រោយត្រូវបានចាប់ខ្លួនដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លែងនៅក្នុងព្រឹត្តិការណ៍សហគមន៍មួយនៅក្នុងរដ្ឋ Miranda លោកស្រី Rodriguez បាននិយាយថា មិនមានភាពមិនប្រាកដប្រជាអំពីភាពជាអ្នកដឹកនាំ ឬកម្មវិធីគ្រប់គ្រងរបស់ប្រទេសវេណេស៊ុយអេឡានោះទេ។

លោកស្រីថា “មិនមានភាពមិនប្រាកដប្រជានៅទីនេះទេ។ ប្រជាជនវេណេស៊ុយអេឡាទទួលខុសត្រូវ ហើយមានរដ្ឋាភិបាលមួយ គឺរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro” ដោយអំពាវនាវឱ្យមានសាមគ្គីភាពដើម្បីធានាសន្តិភាព ស្ថិរភាព និងអនាគតរបស់ប្រទេស។

លោកស្រី Rodriguez បានស្បថថានឹងមិនសម្រាកសូម្បី “មួយនាទី” រហូតដល់លោក Maduro និងលោកស្រី Flores វិលត្រឡប់មកប្រទេសវេណេស៊ុយអេឡាវិញ។

លោកស្រីបានកត់សម្គាល់ថា កាលពីមួយឆ្នាំមុន លោកស្រីបានស្បថចូលកាន់តំណែងជាមួយលោក Maduro នៅពេលចាប់ផ្តើមអាណត្តិទីបីរបស់លោក ដោយលោកស្រីបន្ថែមថា “ថ្ងៃនេះ កាលពីមួយឆ្នាំមុន យើងកំពុងស្បថដើម្បីសេរីភាពរបស់លោក”។

លោកស្រី Rodriguez បាននិយាយថា ឯកភាពជាតិនឹងជាការសម្រេចចិត្តនៅក្នុងអ្វីដែលលោកស្រីបានពិពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែងដើម្បី “ជួយសង្គ្រោះ” លោក Maduro ដោយបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលរបស់លោកស្រីនៅតែបន្តអនុវត្តវិធានការទាំងប្រាំពីរដែលកំណត់ដោយលោក Maduro៕

ប្រែសម្រួលៈ ណៃ តុលា

To Top