សហរដ្ឋអាមេរិក ជំរុញឱ្យជនជាតិអាមេរិក ចាកចេញពីប្រទេសវេណេស៊ុយអេឡា «ជាបន្ទាន់» ដោយសារតែហានិភ័យផ្នែកសន្តិសុខ
បរទេស៖ ការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍បានព្រមានថា នៅពេលដែលជើងហោះហើរអន្តរជាតិបានចាប់ផ្តើមឡើងវិញ ពលរដ្ឋអាមេរិកនៅវេណេស៊ុយអេឡា «គួរតែចាកចេញពីប្រទេសនេះជាបន្ទាន់»។
យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការិយាល័យនេះបាននិយាយនៅក្នុងសារមួយនៅលើ X ថា ស្ថានភាពសន្តិសុខនៅវេណេស៊ុយអេឡា «នៅតែមិនស្ថិតស្ថេរ» ហើយមាន «របាយការណ៍អំពីក្រុមកងជីវពលប្រដាប់អាវុធ ដែលគេស្គាល់ថាជា ក្រុមសមូហភាព កំពុងដាក់របាំងផ្លូវ និងស្វែងរកយានយន្តសម្រាប់ភស្តុតាងនៃអ្នកដែលមានសញ្ជាតិអាមេរិក ឬការគាំទ្រដល់សហរដ្ឋអាមេរិក»។
ពលរដ្ឋអាមេរិកត្រូវបានណែនាំឱ្យ «ប្រុងប្រយ័ត្ន» នៅពេលធ្វើដំណើរតាមផ្លូវគោក និងតាមដានការទំនាក់ទំនង និងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព័ត៌មានថ្មីៗ។
ការិយាល័យនេះបានឲ្យដឹងថា «វេណេស៊ុយអេឡាមានកម្រិតប្រឹក្សាធ្វើដំណើរខ្ពស់បំផុត — កម្រិតទី ៤: កុំធ្វើដំណើរ — ដោយសារតែហានិភ័យធ្ងន់ធ្ងរដល់ជនជាតិអាមេរិក រួមទាំងការឃុំខ្លួនខុសច្បាប់ ការធ្វើទារុណកម្មក្នុងការឃុំខ្លួន ភេរវកម្ម ការចាប់ជំរិត ការអនុវត្តច្បាប់ក្នុងស្រុកដោយបំពាន ឧក្រិដ្ឋកម្ម ភាពចលាចលស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសុខភាពមិនល្អ»។
សូមជម្រាបថា សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡានៅព្រឹកព្រលឹមថ្ងៃទី ៣ ខែមករា ដោយប្រើប្រាស់កម្លាំងយោធាលើប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា។ ការវាយប្រហាររបស់អាមេរិក លើប្រទេសវ៉េណេស៊ុយអេឡា បានទាក់ទាញការថ្កោលទោស និងការព្រួយបារម្ភទូទាំងពិភពលោកផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
