ព័ត៌មានអន្តរជាតិ

គុយបា ទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការឃុំខ្លួនលោក ម៉ាឌូរ៉ូ ដោយខុសច្បាប់

ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេស គុយបា លោក Bruno Rodriguez បានទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការឃុំខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា របស់លោកដោយខុសច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Rodriguez បានឲ្យដឹងនៅ លើបណ្ដាញសង្គម X ថា “វាមានរយៈពេល ៨ថ្ងៃហើយចាប់តាំងពីការចាប់ពង្រត់ យ៉ាងឃោរឃៅរបស់ប្រធានាធិបតីស្របច្បាប់ នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី Cilia Flores”។

លោកបានបន្ថែមថា “យើងទាមទារឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក បញ្ចប់ការឃុំខ្លួនខុសច្បាប់នេះ គោរពអភ័យឯកសិទ្ធិ របស់លោក បញ្ឈប់ការនិយាយរឿង កំប្លែងតាមប្រព័ន្ធតុលាការ និងប្រព័ន្ធផ្សព្វផ្សាយ ដែលការកាត់ក្តីនេះ បានប្រែក្លាយទៅជាអ្វីមួយ និងធានាជីវិត និងការថែទាំរបស់លោក នីកូឡាស ម៉ាឌូរ៉ូ”។

អ្នកការទូតរូបនេះបានលើកឡើងថា “យើងអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចូលរួមក្នុងការទាមទារដ៏យុត្តិធម៌នេះ ដើម្បីថែរក្សាច្បាប់អន្តរជាតិ ក៏ដូចជាជីវិត យុត្តិធម៌ និងសិទ្ធិរបស់ប្រធានាធិបតី វេណេស៊ុយអេឡាលោក ម៉ាឌូរ៉ូ និងភរិយារបស់លោក”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top