ធនាគារកណ្តាលថៃថា សេដ្ឋកិច្ចប្រទេសថៃ នឹងជួបការលំបាកខ្លាំង នៅឆ្នាំ ២០២៦នេះ
បរទេស៖ យោងតាមសារព័ត៌មាន The DIPLOMAT បានឱ្យដឹងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ថា ធនាគារកណ្តាលថៃ បានព្រមានថា ការប្រកួតប្រជែងនៃសេដ្ឋកិច្ចថៃកំពុងធ្លាក់ចុះ ខណៈដែលថៃកំពុងប្រយុទ្ធ ប្រឆាំងនឹងឧបសគ្គ រួមទាំងពន្ធគយរបស់សហរដ្ឋអាមេរិក កម្រិតខ្ពស់ នៃបំណុលគ្រួសារ និងរូបិយប័ណ្ណដ៏រឹងមាំមិនធម្មតា។

យោងតាមរបាយការណ៍របស់ Reuters គឺធនាគារកណ្តាលថៃបានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា ប្រាក់បាតដ៏រឹងមាំ ដែលបានកើនឡើងជាង ១០ ភាគរយធៀប នឹងប្រាក់ដុល្លារអាមេរិកកាលពីឆ្នាំមុន នឹងជះឥទ្ធិពលដល់ការដឹកជញ្ជូន ទំនិញនាំចេញនៅឆ្នាំ ២០២៦។ ពន្ធគយ ១៩ ភាគរយរបស់សហរដ្ឋអាមេរិក ដែលចូលជាធរមាននៅក្នុងខែសីហា ក៏ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការនាំចេញ ក្នុងរយៈពេលមួយឆ្នាំខាងមុខផងដែរ។
អ្វីដែលបន្ថែមទៅលើភាព មិនប្រាកដប្រជានោះគឺជម្លោះព្រំដែនដែលកំពុងបន្តជាមួយប្រទេសកម្ពុជា ដែលបានផ្ទុះឡើងរហូត ដល់ជិតបីសប្តាហ៍ នៃការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លាកាលពីខែមុន និងភាពមិនប្រាកដប្រជាផ្នែក នយោបាយដែលកំពុង បន្តនៅក្នុងប្រទេសថៃ ដែលបានឃើញនាយករដ្ឋមន្ត្រីបីរូប កើតឡើងក្នុងរយៈពេលខ្លី និងបោះឆ្នោតសម្រាប់ការ បោះឆ្នោតទូទៅដែលមិនអាចទាយទុកជាមុនបាននៅថ្ងៃទី៨ ខែកុម្ភៈ។
សារព័ត៌មាន Reuters បានរាយការណ៍ថា លោក Piti Disyatat អនុប្រធានធនាគារកណ្តាលថៃបានប្រាប់សារព័ត៌មានថា “ឆ្នាំនេះមានភាពមិនប្រាកដប្រជាជាច្រើន”។
លោកបានបន្ថែមថា “បន្ទប់គោលនយោបាយមានកម្រិតទាប ប៉ុន្តែនោះមិនមានន័យថាគ្មាននោះទេ”។ «ប្រសិនបើយើងគិតថាវាចាំបាច់ នោះវានឹង ត្រូវបានប្រើប្រាស់»។
នៅក្នុងរបាយការណ៍របស់ខ្លួន ធនាគារកណ្តាលថៃថា កំណើនផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងឆមាសទីពីរនៃឆ្នាំមុន ត្រូវបានគេរំពឹងថានឹងឈានដល់ ១,៣ភាគរយធៀបនឹងឆ្នាំមុន ដោយការនាំចេញកើនឡើង ៩,១ ភាគរយក្នុងរយៈពេលនេះ ។ ទោះជាយ៉ាង ណាក៏ដោយ ការិយាល័យ គោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ (TPSO) នៅថ្ងៃអង្គារបាន ព្យាករណ៍ថា ការនាំចេញ របស់ប្រទេសថៃ នឹងនៅតែទ្រឹងនៅឆ្នាំ ២០២៦ ដោយសារតែផលប៉ះពាល់ ពេញលេញ នៃពន្ធគយរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
