ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យអ៊ីរ៉ង់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្តារទំនាក់ទំនងឡើងវិញ

អង្គការសហប្រជាជាតិ ៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាជ្ញាធរអ៊ីរ៉ង់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងអនុញ្ញាតឱ្យចូលមើលព័ត៌មាន នៅក្នុងប្រទេស ជាពិសេសការស្ដារទំនាក់ទំនងឡើងវិញ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

អ្នកនាំពាក្យ Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អគ្គលេខាធិការជំរុញឱ្យអាជ្ញាធរអ៊ីរ៉ង់ អនុវត្តការអត់ធ្មត់អតិបរមា និងជៀសវាងការប្រើប្រាស់កម្លាំង ដែលមិនចាំបាច់ ឬមិនសមាមាត្រ” ។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា លោកជំរុញបន្ថែមទៀតឱ្យមានជំហាន ដែលអាចឱ្យចូលមើលព័ត៌មាន នៅក្នុងប្រទេស រួមទាំងការស្តារទំនាក់ទំនងឡើងវិញ។

ការតវ៉ាបានផ្ទុះឡើង នៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ចាប់តាំងពីចុងខែធ្នូមក ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀល និងការលំបាកផ្នែក សេដ្ឋកិច្ចយូរអង្វែង ។ អាជ្ញាធរអ៊ីរ៉ង់ បានទទួលស្គាល់ការធ្វើបាតុកម្ម និងបានសម្តែងឆន្ទៈក្នុងការដោះស្រាយការត្អូញត្អែរផ្នែកសេដ្ឋកិច្ច ខណៈពេលដែលព្រមានប្រឆាំងនឹងអំពើហិង្សា និងការបំផ្លិចបំផ្លាញ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសុក្រ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានជំរុញឱ្យប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់រក្សាឯកភាព ដោយថា ក្រុមបាតុករ មួយចំនួន ព្យាយាមផ្គាប់ចិត្តសហរដ្ឋអាមេរិក ។ ការប៉ះទង្គិចគ្នាដ៏សាហាវ ត្រូវបានរាយការណ៍រវាងប៉ូលីស និងអ្វីដែលរដ្ឋាភិបាល ពិពណ៌នាថា ជា “ក្រុមកុបកម្ម” ក្នុងចំណោមការតវ៉ា ដែលកំពុងបន្ត ។ មិនទាន់មានតួលេខអ្នកស្លាប់ផ្លូវការ ណាមួយត្រូវបានចេញផ្សាយនៅឡើយទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top