គុយបា រិះគន់ឥរិយាបថឧក្រិដ្ឋជន របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការព្រមាន របស់លោក ដូណាល់ ត្រាំ
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានរិះគន់សហរដ្ឋអាមេរិក ចំពោះអាកប្បកិរិយា «ឧក្រិដ្ឋជន» ដែលគំរាមកំហែងដល់សន្តិភាពពិភពលោក មិនយូរប៉ុន្មានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថ្មីប្រឆាំងនឹងទីក្រុងហាវ៉ាណា។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X លោក Rodriguez បានឲ្យដឹងថា គុយបាមានសិទ្ធិពេញលេញ ក្នុងការនាំចូលប្រេងឥន្ធនៈពីទីផ្សារ ដែលមានឆន្ទៈនាំចេញ និងអភិវឌ្ឍទំនាក់ទំនង ពាណិជ្ជកម្ម ដោយគ្មានការជ្រៀតជ្រែក ឬការចុះចូល ចំពោះវិធានការបង្ខិតបង្ខំឯកតោភាគី ដែលដាក់ដោយសហរដ្ឋអាមេរិក ។
លោកបានលើកឡើងថា សហរដ្ឋអាមេរិក មានអាកប្បកិរិយាដូចជាឧក្រិដ្ឋជន និងគ្មានការត្រួតពិនិត្យ ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ មិនត្រឹមតែនៅក្នុងប្រទេសគុយបា និងអឌ្ឍគោលនេះប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកទាំងមូល។ មុននេះនៅថ្ងៃអាទិត្យ លោក ត្រាំ បានណែនាំថា គុយបា គួរតែធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលអ្វីៗយឺតពេល។
លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកគឺ Truth Social ថា «នឹងមិនមានប្រេង ឬលុយ ចូលទៅគុយបាទៀតទេ ! ខ្ញុំស្នើយ៉ាងមុតមាំថា ពួកគេធ្វើកិច្ចព្រមព្រៀងមួយ មុនពេលវាយឺតពេល»។ លោក ត្រាំ បានលើកឡើងថា “ប្រទេសគុយបាបានរស់ នៅអស់រយៈពេលជាច្រើន ឆ្នាំដោយប្រេង និងប្រាក់យ៉ាងច្រើនពីប្រទេសវេណេស៊ុយអេឡា”។
សហរដ្ឋអាមេរិកបានចាប់ផ្តើម ប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡានៅព្រឹកព្រលឹមថ្ងៃទី ៣ ខែមករា ដោយបានវាយឆ្មក់ដោយកម្លាំង ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក។ ការវាយប្រហារទាំងនេះបានទាក់ទាញ ការថ្កោលទោស និងការព្រួយបារម្ភទូទាំងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
