ស្នងការសហភាពអឺរ៉ុប បញ្ជាក់ជាថ្មីអំពីសន្តិសុខ Greenland ដោយព្រមានថា ការកាន់កាប់របស់អាមេរិក នឹងបញ្ចប់ដំណើរការ NATO
បរទេស៖ សហភាពអឺរ៉ុប អាចជួយផ្តល់សន្តិសុខសម្រាប់ Greenland ប្រសិនបើប្រទេសដាណឺម៉ាក ស្នើសុំ នេះបើយោងតាមការលើកឡើង របស់ស្នងការការពារជាតិ និងអវកាសអឺរ៉ុប លោក Andrius Kubilius ដោយព្រមានថាការកាន់ កាប់ទឹកដី អាកទិកដោយយោធា របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) បញ្ចប់។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅសន្និសីទសន្តិសុខមួយនៅទីក្រុង Salen ប្រទេសស៊ុយអែត លោក Kubilius បានឲ្យដឹងថា លោកយល់ស្របនឹងទស្សនៈរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen ដែលថាការកាន់កាប់ដោយបង្ខំនឹង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ NATO និងធ្វើឱ្យខូចទំនាក់ទំនងអន្តរអា ត្លង់ទិកយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា ចលនាបែបនេះក៏នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមាន យ៉ាងខ្លាំងក្នុងចំណោមប្រជាជនអឺរ៉ុបផងដែរ។
លោក Kubilius បានបន្ដថា លោកមិនជឿថាការឈ្លានពានរបស់សហរដ្ឋអាមេរិកនឹងកើតឡើងនោះទេ ប៉ុន្តែបានកត់សម្គាល់ថា មាត្រា ៤២.៧ នៃសន្ធិសញ្ញាសហភាពអឺរ៉ុប តម្រូវឱ្យរដ្ឋជាសមាជិកផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសជាសមាជិកមួយត្រូវទទួលរងនូវការឈ្លានពានដោយអាវុធ។ លោកបានបន្ថែមថា ប្លុកនេះអាចបង្កើនការគាំទ្រដល់កោះ Greenland តាមសំណើរបស់ប្រទេសដាណឺម៉ាក រួមទាំងការដាក់ពង្រាយកងទ័ព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាដូចជាវត្តមានកងទ័ពជើងទឹក និងសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក។
ប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក ដែលជាសមាជិកណាតូទាំងពីរ ត្រូវបានគ្រោងជួបគ្នានៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាកោះហ្គ្រីនឡែន។ កោះហ្គ្រីនឡែន និងប្រទេសដាណឺម៉ាក បាននិយាយម្តងហើយម្តងទៀតថា ទឹកដីនេះមិនមែនសម្រាប់លក់នោះទេ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទូចថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែ «កាន់កាប់» កោះ Greenland ដោយមិនច្រានចោលការប្រើប្រាស់កម្លាំងនោះឡើយ។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានឲ្យដឹងថា ជនជាតិអឺរ៉ុប ក្នុងអង្គការណាតូ កំពុងពិភាក្សាអំពីវិធីពង្រឹងសម្ព័ន្ធភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា ការងារបែបនេះមិនគួរផ្អែកលើការសន្មតណាមួយដែលថា ណាតូ នឹងឈប់ដំណើរការនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
