លោក ដូណាល់ ត្រាំ បញ្ជាក់ថា ប្រទេសដែលធ្វើអាជីវកម្ម ជាមួយអ៊ីរ៉ង់ ប្រឈមមុខនឹងពន្ធគយ ២៥%
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នឹងត្រូវបង់ពន្ធគយ ២៥ ភាគរយលើអាជីវកម្ម ណាមួយដែលធ្វើជាមួយសហរដ្ឋអាមេរិក។ លោក ត្រាំ បានប្រកាសនៅ លើបណ្ដាញ Truth Social ថា បទបញ្ជានេះ «មានប្រសិទ្ធភាពភ្លាមៗ» ដោយបន្ថែមថាវា «ជាចុងក្រោយ និងច្បាស់លាស់»។

សេចក្តីថ្លែងការណ៍នេះបង្ហាញពីការកើនឡើងចុងក្រោយបំផុតនៅក្នុងយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ ខណៈដែលលោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោកកំពុងថ្លឹងថ្លែង «ជម្រើសដ៏រឹងមាំមួយចំនួន» រួមទាំងសកម្មភាពយោធាដែលអាចកើតមាន។
លេខាធិការសារព័ត៌មាន សេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ការទូតនៅតែជាវិធីសាស្រ្ត ដែលសហរដ្ឋអាមេរិក ពេញចិត្តក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ ទោះបីជារដ្ឋបាលលោក ត្រាំ នឹងមិនច្រានចោលជម្រើសយោធា ប្រសិនបើចាំបាច់ក៏ដោយ។
លោកស្រី Leavitt បានឲ្យដឹងនៅលើបណ្ដាញព័ត៌មាន Fox News ថា «ប្រធានាធិបតី ត្រាំ តែងតែបានបង្ហាញថា ការទូត គឺជាជម្រើសដំបូង ទោះជាយ៉ាងណា ក៏ដោយ លោកមិនខ្លាចក្នុងការប្រើប្រាស់កម្លាំង និងអំណាចដ៏សាហាវរបស់យោធា សហរដ្ឋអាមេរិកនោះទេ ប្រសិនបើ និងនៅពេលដែលលោកយល់ថាចាំបាច់»៕
ប្រែសម្រួល ឈូក បូរ៉ា
