សហរដ្ឋអាមេរិក ជំរុញឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសអ៊ីរ៉ង់ ជាបន្ទាន់
វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើបច្ចុប្បន្នភាពការព្រមានអំពីការធ្វើដំណើរដោយជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ចំពេលមានភាពចលាចលនៅទូទាំងប្រទេសមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ស្ថានទូតនិម្មិតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពលរដ្ឋអាមេរិក គួរតែរំពឹងថា នឹងមានការដាច់អ៊ីនធឺណិតជាបន្តបន្ទាប់ រៀបចំផែនការមធ្យោបាយទំនាក់ទំនងជំនួស ហើយប្រសិនបើមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ សូមពិចារណាចាកចេញពីប្រទេសអ៊ីរ៉ង់ តាមផ្លូវគោកទៅកាន់ប្រទេសអាមេនី ឬតួកគី” ដោយបន្ថែមថា ពលរដ្ឋអាមេរិក-អ៊ីរ៉ង់ ដែលមានសញ្ជាតិពីរត្រូវតែចាកចេញពីប្រទេសអ៊ីរ៉ង់ ដោយប្រើលិខិតឆ្លងដែនអ៊ីរ៉ង់ ដោយសាររដ្ឋាភិបាលអ៊ីរ៉ង់ មិនទទួលស្គាល់សញ្ជាតិពីរ។
ប្រភពបានឲ្យដឹងទៀតថា “ពលរដ្ឋអាមេរិក មានហានិភ័យខ្ពស់នៃការសួរចម្លើយ ការចាប់ខ្លួន និងការឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់”។ យោងតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តកំណត់ ឬលុបចោលជើងហោះហើរទៅ និងមកពីប្រទេសអ៊ីរ៉ង់ ដោយមានក្រុមហ៊ុនជាច្រើនផ្អាកសេវាកម្មរហូតដល់ថ្ងៃសុក្រ៕
ប្រែសម្រួល ឈូក បូរ៉ា
