ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទលាងលុយកខ្វក់

ទីប៊ីលីស៊ី ៖ អតីតនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Garibashvili ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១ លានឡារីហ្សកហ្ស៊ី (ប្រហែល ៣៧០,០០០ ដុល្លារអាមេរិក) ពីបទចោទប្រកាន់ពី បទលាងលុយកខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ការិយាល័យរដ្ឋអាជ្ញាហ្សកហ្ស៊ី បានឲ្យដឹងថា លោក Garibashvili បានសារភាពកំហុសចំពោះការចោទប្រកាន់ និងបានយល់ព្រមតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសារភាព ដែលក្រោយមកត្រូវបានតុលាការគាំទ្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថវិកាដែលទទួលបានតាមរយៈសកម្មភាពឧក្រិដ្ឋកម្ម និងរឹបអូសក្នុងអំឡុងពេលឆែក ឆេរលំនៅដ្ឋានរបស់លោក នឹងត្រូវផ្ទេរទៅរតនាគាររដ្ឋ។ គួរបញ្ជាក់ថា លោក Garibashvili អាយុ ៤៣ ឆ្នាំ បានបម្រើការជានាយករដ្ឋមន្ត្រីហ្សកហ្ស៊ី ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ និងម្តងទៀត ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤៕

To Top