បរទេស៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ទីក្រុងប៉េកាំងបានបដិសេធ ចំពោះការប៉ុនប៉ងរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់រុស្ស៊ី និងចិនជាលេស សម្រាប់ការជំរុញ របស់លោកចូលទៅក្នុងតំបន់អាកទិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ត្រាំ បានអះអាងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក ត្រូវតែបញ្ចូលកោះហ្គ្រីនឡែន ដែលជាអតីតអាណានិគមស្វយ័ត របស់ដាណឺម៉ាក ទៅក្រោមអធិបតេយ្យភាពរបស់ទីក្រុងកូប៉ិនហាក ដើម្បីទប់ស្កាត់រុស្ស៊ី និងចិន ដោយលោកបានបង្ហាញថា ប្រទេសទាំងពីរនឹង «ដណ្តើមយក» កោះនេះ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ធ្វើវាជាមុនសិន។
លោកស្រី ម៉ៅនីង បានប្រាប់សន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំង «មិនគាំទ្រសហរដ្ឋអាមេរិក ដែលប្រើប្រាស់ចិន ឬរុស្ស៊ីជាលេស សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួនទេ»។ តំបន់អាកទិក «ប៉ះពាល់ដល់ផល ប្រយោជន៍រួម របស់សហគមន៍អន្តរជាតិ» ហើយសកម្មភាពរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ ជាការ «ពង្រឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពស្របតាមច្បាប់អន្តរជាតិ»។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក ចូហាន វ៉ាដភូល បានថ្លែងថា ទីក្រុងប៊ែរឡាំងមានឆន្ទៈ សហការជាមួយលោក ត្រាំ ដើម្បីដោះស្រាយ «ការគំរាមកំហែង» ដែលគេសន្មត់ថាជានាវារុស្ស៊ី និងចិននៅក្នុងតំបន់អាកទិក ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអឺរ៉ុបផ្សេងទៀតបានច្រានចោល ការវាយតម្លៃការគំរាមកំហែងរបស់លោក ត្រាំនេះ។
ចំណែករុស្ស៊ីវិញមិនទាន់ឆ្លើយតបជាផ្លូវការចំពោះការកត់សម្គាល់ចុងក្រោយរបស់លោក ដូណាល់ ត្រាំ នៅឡើយទេ ប៉ុន្តែពីមុនរុស្ស៊ីបានសង្កត់ធ្ងន់ថា អនាគតរបស់កោះ Greenland គឺ ត្រូវតែត្រូវបានកំណត់ដោយពលរដ្ឋរបស់កោះនេះផ្ទាល់ និងបានបដិសេធការអះអាងថា រុស្ស៊ីបង្កការគំរាមកំហែង៕
